(ភ្នំពេញ)៖ ជាធម្មតា នៅពេលយើងបានបង្កការខូចខាតដល់នរណាម្នាក់ដោយសារសកម្មភាពរបស់យើង មិនថាការខូចខាតនោះ ជាការខូចខាតវត្ថុដែលជាទ្រព្យសម្បត្តិ ឬការរងរបួស ឬការប៉ះពាល់ដល់អាយុជីវិតរបស់គេទេ នោះយើងត្រូវទទួលខុសត្រូវសងការខូចខាតដែលយើងបានបង្កឡើងនោះដែរ ។ មានន័យថា បុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវលើការខូចខាតដែលកើតឡើងដោយសារកំហុសរបស់ខ្លួន ទោះបីជាកំហុសនោះជាកំហុសចេតនាក្តី ឬកំហុសអចេតនាក្តី ។ ហេតុដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់សូមលើកយកនូវប្រធានបទស្តីពី «ការទទួលខុសត្រូវចំពោះរថយន្ត(វត្ថុគ្រោះថ្នាក់)ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍» នៅក្នុងសប្តាហ៍នេះមកធ្វើការបកស្រាយចម្ងល់ ជូនសាធាណជន និងសិស្ស និសិ្សត ។

ឧទាហរណ៍៖ ភក្ត្រា ដើរមើលទូរស័ព្ទ មិនប្រយ័ត្ន ក៏បានប៉ះធីតា ដែលឈរនៅស្ងៀមកំពុងនិយាយទូរស័ព្ទ ធ្វើឱ្យធីតាធ្លាក់ទូរស័ព្ទបែក និងរងរបួសដៃ ។ ករណីនេះ ភក្ត្រាជាអ្នកមានកំហុសក្នុងការបង្កការខូចខាតដល់ធីតា ប៉ុន្តែដើម្បីឱ្យភក្ត្រា ទទួលខុសត្រូវសងការខូចខាតដែលបានកើតឡើង ធីតាត្រូវបញ្ជាក់បង្ហាញថា ភក្រ្តាមានកំហុសក្នុងការបង្កការខូចខាតនេះ ។ ការទទួលខុសត្រូវសងការខូចខាតរបស់ភក្ត្រា ជាការទទួលខុសត្រូវអំពើអនីត្យានុកូល ដែលមានចែងក្នុងមាត្រា ៧៤៣ នៃក្រមរដ្ឋប្បវេណី ។

មុននឹងឈានដល់ការបកស្រាយ ជាគោលការណ៍ ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលនៅក្នុងក្រមរដ្ឋប្បវេណី គឺជាការទទួលខុសត្រូវចំពោះកំហុស ដែលមានន័យថា អ្នកធ្វើអំពើណាមួយ ត្រូវទទួលខុសត្រូវចំពោះលទ្ធផលអវិជ្ជមាន នៃអំពើរបស់ខ្លួន លុះត្រាណាតែខ្លួនមានកំហុសក្នុងការធ្វើអំពើនោះ ។ ប៉ុន្តែសង្គមកាន់តែអភិវឌ្ឍ វិស័យឧស្សាហកម្មកាន់តែរីកចម្រើន ឯបច្ចេកវិទ្យាក៏កាន់តែទំនើបទៅៗ ដែលជាកត្តាមួយធ្វើឱ្យស្ថានភាពគ្រោះថ្នាក់កាន់តែស្មុគស្មាញ ពិបាកក្នុងការស្វែងរកអ្នកខុស និងអ្នកត្រូវ ហើយគ្រោះថ្នាក់មួយចំនួនអាចបង្កការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែពិបាកក្នុងការកំណត់អំពីកំហុសរបស់អ្នកប្រព្រឹត្ត ។ ជាក់ស្តែង បញ្ហាមួយចំនួនដែលយើងបានដឹង បានឃើញ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីរថយន្តជាដើម គឺជាប្រភេទគ្រោះថ្នាក់ដែលអាចបង្កការខូចខាតធ្ងន់ធ្ងររហូតដល់អាយុជីវិតមនុស្ស ប៉ុន្តែករណីខ្លះពិបាកក្នុងការកំណត់អំពីកំហុសរបស់អ្នកបង្កគ្រោះថ្នាក់ណាស់ ។ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជនបង្កអាចរងការទទួលខុសត្រូវព្រហ្មទណ្ឌផង (ទោសទណ្ឌផ្សេងៗ) ការទទួលខុសត្រូវរដ្ឋប្បវេណីផង (សងការខូចខាត) និងការទទួលខុសត្រូវរដ្ឋបាលផង (ការពិន័យ ការដកហូតប័ណ្ណបើកបរជាដើម)។ ទាក់ទងនឹងបញ្ហាការទទួលខុសត្រូវរដ្ឋប្បវេណីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រមរដ្ឋប្បវេណីបានកំណត់ជាពិសេសអំពីការទទួលខុសត្រូវចំពោះរថយន្ត (វត្ថុគ្រោះថ្នាក់) មានចែងនៅក្នុងមាត្រា៧៥២ ដែលជាប្រភេទមួយនៃអំពើអនីត្យានុកូលពិសេស ។

ខាងក្រោមនេះ យើងនឹងបង្ហាញអំពីបញ្ហាធំៗ ៣ ដែលត្រូវដោះស្រាយទាក់ទងនឹងការទទួលខុសត្រូវសងការខូចខាត ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយអនុលោមតាមមាត្រា៧៥២នេះ៖

បញ្ហាទី១៖ តើនរណា ត្រូវទទួលខុសត្រូវសងការខូចខាតក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍?
ក្រមរដ្ឋប្បវេណី បានកំណត់យ៉ាងច្បាស់ថា អ្នកទទួលខុសត្រូវសងការខូចខាត គឺជា «កម្មសិទ្ធិករ ឬ អ្នកគ្រប់គ្រងរថយន្ត» មានន័យថា ម្ចាស់រថយន្ត ឬអ្នកបើកបររថយន្ត ឬអ្នកជួលរថយន្ត ឬអ្នកខ្ចីរថយន្ត ឬអ្នកបញ្ជារថយន្តជាដើម ដែលអាចគ្រប់គ្រងរថយន្តបាន អាចចាត់ទុកជាអ្នកទទួលខុសត្រូវសងការខូចខាតដែលបង្កឡើងដោយរថយន្តនោះ ទោះបីជាសាមីខ្លួនមិនបានបើកបររថយន្តបង្កហេតុដោយផ្ទាល់ក៏ដោយ ។

បញ្ហាទី២៖ តើចាំបាច់ត្រូវបង្ហាញថាកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្តនោះមានកំហុសក្នុងការបង្កគ្រោះថ្នាក់ដែរឬទេ?
មាត្រា៧៥២ ខាងលើបានបញ្ញត្តថា កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្តត្រូវសងការខូចខាតដែលបង្កដល់អ្នកដទៃ ដោយសាររថយន្តដែលខ្លួនមានកម្មសិទ្ធិ ឬគ្រប់គ្រង។ ការកំណត់នេះ បានសេចក្តីថា ទោះបីជាកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត មិនមានកំហុសក្នុងការបង្កគ្រោះថ្នាក់នោះក៏ដោយ ឱ្យតែគ្រោះថ្នាក់ដែលបង្កការខូចខាតនោះ កើតឡើងដោយសាររថយន្តរបស់ខ្លួន នោះខ្លួនត្រូវតែទទួលខុសត្រូវ ។ ហេតុនេះ តាមស្មារតីនៃមាត្រានេះ ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនចាំបាច់បង្ហាញអំពីកំហុសរបស់ជនបង្កដែលជាម្ចាស់រថយន្ត ឬអ្នកគ្រប់គ្រងរថយន្តឡើយ ។

បញ្ហាទី៣៖ តើកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត ត្រូវទទួលខុសត្រូវសងការខូចខាតគ្រប់ករណីដោយគ្មានការលើកលែង ឬយ៉ាងណា?
នីតិនីពន្ធ ក៏បានពិចារណាដល់តុល្យភាពក្នុងការការពារជនរងគ្រោះ និងសេរីភាពក្នុងការធ្វើសកម្មភាពរបស់ជនបង្កគ្រោះថ្នាក់ដែរ ហេតុនេះមាត្រា៧៥២ នេះ ក៏បានចែងអំពីករណីលើកលែងចំនួន ២ ដែលកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្តអាចរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតផងដែរ ។

១៖ ករណីប្រធានសក្តិ៖ ប្រសិនបើគ្រោះថ្នាក់នោះ កើតឡើងដោយសារព្រឹត្តិការណ៍ក្រៅឆន្ទៈមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន ដូចជាករណីគ្រោះធម្មជាតិ សង្រ្គាម ជាអាទិ៍ កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត អាចរួចផុតពីការទទួលខុសត្រូវបាន ។
២៖ ករណីមិនមែនប្រធានសក្តិ៖ ទោះបីជាគ្រោះថ្នាក់មិនកើតឡើងដោយប្រធានសក្តិក៏ដោយ ប្រសិនបើកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត អាចបង្ហាញបាននូវលក្ខខណ្ឌ ២ ខាងក្រោម ក៏កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រង
រថយន្ត អាចរួចផុតពីការទទួលខុសត្រូវបានដែរ ។
(ក) កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត ពុំមានវិការៈក្នុងការគ្រប់គ្រងរថយន្តរបស់ខ្លួន ពោលគឺកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត អាចបង្ហាញថាខ្លួនបានគ្រប់គ្រងរថយន្តដោយត្រឹមត្រូវ បានអនុវត្តតាមការកំណត់របស់ច្បាប់ឬលិខិតបទដ្ឋានគតិយុត្ត និងរថយន្តដែលបង្កគ្រោះថ្នាក់នោះមិនមានបញ្ហាបច្ចេកទេសជាដើម ។
(ខ) ការខូចខាតនោះបានកើតឡើងដោយសារជនរងគ្រោះ ឬតតិយជនមានន័យថាជនរងគ្រោះ ឬបុគ្គលដទៃទៀតក្រៅពីកម្មសិទ្ធិករ និងអ្នកគ្រប់គ្រងរថយន្ត គឺជាអ្នកបង្កឱ្យមានគ្រោះថ្នាក់នោះកើតឡើង។
ឧទាហរណ៍៖ ករណីជនរងគ្រោះ មានបំណងលោតចូលរថយន្តកំពុងបើកបរដើម្បីសម្លាប់ខ្លួន ឬមានបុគ្គលណាម្នាក់មានបំណងសម្លាប់ជនរងគ្រោះដោយរុញជនរងគ្រោះឱ្យចូលរថយន្តកំពុងបើកបរជាដើម ។

សរុបសេចក្តីមក ករណីនេះ ប្រសិនបើម្ចាស់រថយន្ត ឬអ្នកបើកបររថយន្ត បានបង្ហាញថាខ្លួនបានគោរពច្បាប់ និងអនុវត្តវិធានក្នុងការបញ្ចៀសគ្រោះថ្នាក់នោះ ហើយរថយន្តនោះគ្មានបញ្ហាបច្ចេកទេសផ្សេងៗទេ នោះម្ចាស់រថយន្ត ឬអ្នកបើកបររថយន្តនោះ អាចមានលទ្ធភាពរួចផុតពីការទទួលខុសត្រូវសងការខូចខាតបាន៕

រៀបរៀងដោយ៖ លោកបណ្ឌិត សោម រតនា ទីប្រឹក្សាច្បាប់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់