(ភ្នំពេញ)៖ MedCREATE​ ​ដែលជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យថ្មីមួយទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ឈ្មោះ «Subang Jaya Medical Centre» ដើម្បីផ្តល់សេវាឲ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា ដែលមានបំណងស្វែងរកសេវាព្យាបាល នៅក្រៅប្រទេស។

លោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក​ទីផ្សារ និងអាជីវកម្ម នៃក្រុមហ៊ុន MedCREATE​ បានឲ្យដឹងថា ​ក្នុងនាមជាការិយាល័យតំណាង MedCREATE ​ ​តែងតែសិក្សាយ៉ាងល្អិតល្អន់ និងស្វែងរកនូវដៃគូរមន្ទីរពេទ្យ ដែលមានគុណភាព​ និងសេវាកម្មល្អ សម្រាប់ផ្តល់ការព្យាបាល នូវប្រភេទជំងឺទាំងធ្ងន់ និងស្រាល និងការសង្រ្គោះបន្ទាន់។​

បន្ថែមពីនោះទៀត លោក បានឲ្យដឹងថា ​MedCREATE​ ​មានផ្តល់សេវាប្រឹក្សាយោបល់ផ្សេងៗ អំពីការព្យាបាល និងពិនិត្យសុខភាព ការសិក្សាខ្ទង់ចំណាយ ក្នុងមន្ទីរពេទ្យ ការណាត់ជួបវេជ្ជបណ្ឌិតឯកទេស ការរៀបចំសេវារថយន្ត សេវាបកប្រែ និងស្វែងរកមន្ទីរពេទ្យដៃគូ ដែលត្រូវនឹងស្ថានភាពជំងឺ។

ដោយឡែក សម្រាប់អ្នកជំងឺសង្រ្គោះបន្ទាន់វិញ Med CREATE​ នឹងផ្តល់នូវសេវារថយន្ត និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់៧៩ប្រទេសផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់នាយកប្រតិបត្តិផ្នែក​ទីផ្សារ និងអាជីវកម្ម MedCREATE។

លោក បានថ្លែងថា «ជាការពិតណាស់សេវាកម្ម ដែលយើងផ្តល់ជូន គឺជួយបានច្រើន ទៅលើប្រជាជនកម្ពុជាយើង ជាពិសេសគឺខ្ទង់ចំណាយរបស់គាត់ ព្រោះប្រសិន បើគាត់ទៅព្យាបាលខ្លួនឯង គាត់ត្រូវចំណាយពេល ក្នុងការស្រាវជ្រាវរកមន្ទីរនៅឯក្រៅប្រទេស»។​

ជាមួយនឹងការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង MedCREATE និង Subang Jaya Medical Centre ខាងលើនេះ ក៏មានការចែករំលែកពីវជ្ជបណ្ឌិតឯកទេស មកពីប្រទេសម៉ាឡេស៊ី ស្ដីពី «ជំងឺមហារីកសុដន់» វិធីសាស្ដ្រស្វែងរករោគសញ្ញា និងការព្យាបាលដ៏មានប្រសិទ្ធភាព ជូនដល់អ្នកចូលរួមក្នុងកម្មវិធីផងដែរ។

ក្រុមហ៊ុន MedCREATE​ គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ ក្រុមហ៊ុនបានផ្ដល់នូវសេវាកម្មសម្របសម្រួលពេញលេញ ភ្ជាប់ជាមួយមន្ទីរពេទ្យជាតិ ក្នុងស្រុក និងអន្ដរជាតិល្បី នៅក្រៅប្រទេសជាច្រើន។

ក្រុមហ៊ុន MedCREATE បានធ្វើការសហការដោយផ្ទាល់ ជាមួយមន្ទីរពេទ្យល្បីៗជាច្រើន នៅក្នុងប្រទេសចំនួន៤ រួមមាន៖ ប្រទេសថៃ, ប្រទេសឥណ្ឌា, ​ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ បេសកម្មរបស់ MedCREATE គឺជាអ្នកសម្របសម្រួលផ្នែកវជ្ជសាស្ដ្រ ដែលផ្ដល់ទំនុកចិត្ដ និងស្ដង់ដារអន្ដរជាតិឈានមុខគេនៅកម្ពុជា។

គូសបញ្ជាក់ថា មន្ទីរពេទ្យ Subang Jaya Medical Centre មានកេរ្តិ៍ឈ្មោះជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកជនដ៏គួរឲ្យទុកចិត្តបំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេស្គាល់ពីស្តង់ដាល្អបំផុត សម្រាប់ការផ្តល់សេវាកម្មវេជ្ជសាស្រ្ត។ មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យ ដែលបានទទួលពានរង្វាន់ផ្នែកគ្រែសម្រាប់ទទួលអ្នកជំងឺចំនួន៤៤៣ ដែលផ្តល់នូវការថែទាំយ៉ាងទូលំទូលាយ ក្នុងគ្រប់ឯកទេសទាំងអស់។

Subang Jaya Medical Centre ជាមន្ទីរពេទ្យ មួយក្នុងចំណោមមន្ទីរពេទ្យអន្តរជាតិ ដែលទទួលស្គាល់ដោយ (JCI) នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានការទទួលស្គាល់នៅគុណភាពសុខុមាលភាព (MSQH)។ មន្ទីរពិសោធន៍របស់ Subang Jaya Medical Centre ក៏ជា MS ISO 15189 ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិតាំងពីឆ្នាំ២០០៩ មកម្ល៉េះ។

នៅឆ្នាំ២០២៣ មន្ទីរពេទ្យ Subang Jaya Medical Centre ផ្នែកមហារីក (Cancer) ត្រូវបានបញ្ជាក់ដោយ Australian Council of Healthcare Standards (ACHS) International ដែលជាមជ្ឈមណ្ឌលឧត្តមភាព ក្លាយជាមជ្ឈមណ្ឌលឧត្តមភាពដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក។

សូមបញ្ជាក់ផងដែរថា Subang Jaya Medical Centre គឺ ជាកម្មវិធីចុងក្រោយបង្អស់របស់ Flagship Medical Tourism Hospital Programme នៅក្រោមក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ ០៧០ ៩៩៣ ៩៨៨ ​និងសាកសួរព័ត៌មានផ្ទាល់ដែលមានទីតាំង នៅផ្លូវលេខ៩៥ អាគារលេខ៧៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​៕