(មីឡាន)៖ ប្រធានក្រុម Inter Milan គឺខ្សែប្រយុទ្ធ Lautaro Martinez នៅពេលនេះរកបាន ១០១គ្រាប់ហើយ ក្នុងក្របខណ្ឌបាល់ទាត់លីគកំពូល Serie A របស់ប្រទេសអ៊ីតាលី នៅពេលស៊ុតបាន ២គ្រាប់បន្ថែម ដើម្បីជួយ Inter បំបាក់ម្ចាស់ផ្ទះ Lecce ៤-០ នៅរាត្រីថ្ងៃអាទិត្យ។

ការប្រកួតជើងទី២ នៃសប្តាហ៍ទី២៥ នោះដែរ កីឡាករអន្តរជាតិអាហ្សង់ទីនខាងលើនេះ រកបាន ២គ្រាប់ដែលជាគ្រាប់បាល់ទី១០០ និង ១០១ របស់គេ និងជាគ្រាប់ទី២២ នៅ Serie A ជាមួយ Inter Milan សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តារាជើងស៊ុតវ័យ ២៦ឆ្នាំ Martinez ជាអ្នករកបានគ្រាប់បើកឆាកឱ្យ Inter នៅនាទី១៥ និងធ្វើបានសម្រេចគ្រាប់ទី២ ទៀតពោលគឺនៅក្រោយពេលមិត្តរួមក្រុម Davide Frattesi រកបានគ្រាប់ទី២ ឱ្យក្រុមភ្ញៀវមួយនេះត្រឹមតែ ២នាទីប៉ុណ្ណោះ ហើយ Stefan de Vrij ជាអ្នកតែតសម្រេចគ្រាប់ទី៤។

តាមរយៈជ័យជម្នះស្រួលៗក្រៅដីនេះដែរ បានញ៉ាំងឱ្យ Inter Milan បន្តនាំមុខដាច់ ៩ពិន្ទុពីក្រុមលេខ២ សេះបង្កង់ Juventus ដោយនៅសល់ ១ប្រកួតក្នុងដៃផងដែរ បើទោះបីជា Juventus បានលេងឈ្នះ Frosinone ៣-២ នាក្បាលព្រលប់ថ្ងៃអាទិត្យ ក្នុងសប្តាហ៍ទី២៦ របស់ពួកគេក៏ដោយ៕