(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Honor កាលពីថ្ងៃអាទិត្យកន្លងទៅ បានបើកដំណើរការស្មាតហ្វូន Magic 6 Pro ស៊េរីថ្មីរបស់ខ្លួន ហើយបានបង្ហាញមុខងារ AI ពិសេសឈ្មោះថា « eye-tracking» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើក និងផ្លាស់ទីរថយន្តពីចម្ងាយ ដោយគ្រាន់តែសម្លឹងមើលអេក្រង់ទូរស័ព្ទរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

មុខងារ AI នេះ ត្រូវបានគេដឹងថាដាក់ឲ្យប្រើប្រាសរួចហើយនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនកំពុងធ្វើការ ដើម្បីដាក់ដំណើរការនៅតាមបណ្តាប្រទេសផ្សេងៗទៀត។ លោក George Zhao នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងជឿជាក់យ៉ាងម៉ុតមាំ លើការផ្លាស់ប្តូរនេះ ជាពិសេសនៅក្នុងយុគសម័យនៃបច្ចេកវិទ្យា AI»

គួរជម្រាបថា ក្រុមហ៊ុនចិន Honor កន្លងទៅគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Huawei ប៉ុន្តែក្រោយមក Huawei បានលក់ហ៊ុនរបស់ Honor ទៅអោយក្រុមហ៊ុនDigital China នៅក្នុងតម្លៃ 15 ពាន់លានដុល្លា ដើម្បីពង្រឹងអាជីវកម្មស្មាតហ្វូនអោយបានរឹងមាំ៕