(បរទេស)៖ ការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI អាចជួយពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពនៅក្នុងអ៊ីនធឺណែត នេះបើយោងតាម ការអះអាងរបស់លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google។

ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការប្រើប្រាស់ដ៏មានសក្តានុពលនៃ AI លោក Pichai បាននិយាយថា បច្ចេកវិទ្យា AI អាចជួយរដ្ឋាភិបាល និងក្រុមហ៊ុនផ្សេងៗក្នុងការបង្កើនល្បឿននៃការរកឃើញ និងការឆ្លើយតបទៅនឹងការគំរាមកំហែងតាមប្រព័ន្ធអនឡាញ។ «ត្រឹមត្រូវណាស់ដែលយើង មានការព្រួយបារម្ភអំពីផលប៉ះពាល់លើសន្តិសុខអ៊ីនធឺណិត។ ប៉ុន្តែ AI ខ្ញុំគិតថា អាចជួយពង្រឹងការការពាររបស់យើងលើសន្តិសុខតាមអ៊ីនធឺណិត» នេះជាសំដីរបស់លោក Pichai បានប្រាប់ក្រុមប្រតិភូនៅឯសន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍មុន។

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបាននិងកំពុងកើនឡើង ដោយពួកវាយប្រហារ បានប្រើវាជាមធ្យោបាយដើម្បីពង្រីកអំណាច និងជំរិតទារប្រាក់។

ការវាយប្រហារតាមអ៊ីនធឺណិតបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ដោយគិតជាទឹកប្រាក់មានចំនួនប្រមាណថា ៨ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយវាអាចនឹងកើនឡើងដល់ ១០,៥ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២៥ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវអ៊ីនធឺណិត Cybersecurity Ventures ។

របាយការណ៍នៅក្នុងខែមករា ពីមជ្ឈមណ្ឌលសន្តិសុខអ៊ិនធឺណិតជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា AI នឹងបង្កើនការការពារ ព្រមទាំងជួយរារាំងការវាយប្រហារពីសំណាក់ក្រុម Hacker តាមអ៊ីនធឺណិត។

លោក Pichai បានបន្ថែមទៀតថា AI មិនអាចជួយទប់ស្កាត់ការវាយប្រហារពីសំណាក់ Hacker ឬការវាយប្រហារតាំងប្រព័ន្ធអនឡាញបានទាំងស្រុងនោះទេ ប៉ុន្តែវាអាចជួយកាត់បន្ថយឱ្យមកនៅក្នុងកម្រិតទាប៕