(ភ្នំពេញ)៖ ជាមោទនភាពបន្ថែមទៀតសម្រាប់ប្រជាជាតិកម្ពុជា ខណៈកីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ឈ្នះមេដាយប្រាក់ និងកីឡាករ កែវ ភារុណ ឈ្នះមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកទាំង២នេះ ចាប់ផ្ដើមឡើងពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឱ្យដឹងថា កីឡាករទូកក្តោងកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ ដោយកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាករ កែវ ភារុណ ទទួលបានមេដាយសំរឹទ្ធ១គ្រឿង ក្នុងចំណោមកីឡាករចំនួន៨រូប លើវិញ្ញាសា Windsurfing Techno 293 Plus Open ដែលពិធីបំពាក់មេដាយបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងសិង្ហបុរី (Singapore National Sailing Center)។

នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៤ ដែលក្រុមកីឡាករទូកក្តោងរបស់សហព័ន្ធបានឈ្នះមេដាយកម្រិតទ្វីបអាស៊ីពីការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់លោក ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងលោក ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីចេញទៅប្រកួតនៅអន្តរជាតិរហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។

សូមបញ្ជាប់ថា សហព័ន្ធគ្រោងនឹងកីឡាករ-កីឡាការិនីចេញទៅចូលរួមការប្រកួតជាលក្ខណអន្តរជាតិជាបន្តបន្ទាប់ ដែលមានដូចជាព្រឹត្តិការណ៍ Thailand Windsurfing Championship 2024 (Event2) នៅប្រទេសថៃ នាដើមខែមីនាខាងមុខនេះ ដើម្បីប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ៕