(បរទេស)៖ កីឡាករស្នូកឃើអន្តរជាតិអៀរឡង់ខាងជើង Mark Allen បានគ្រងតំណែងជើងឯកពាន Players Championship 2024 បន្ទាប់ពីវាយបកឈ្នះគូប្រជែង Zhang Anda ក្នុងលទ្ធផល ១០ទល់នឹង៨ សម្រាប់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃអាទិត្យ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Telford ប្រទេសអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានដល់ទៅ ១៨សិតសរុបផងនោះ កីឡាករចិន Zhang បានបើកការនាំមុខ Allen ៣សិតមុន នៅមុនពេលកីឡាករនៅតំបន់អឺរ៉ុបខាងលើតាមស្មើ ៤-៤ ក្នុងការប្រកួតនៃវគ្គទី១។

បន្តមកទៀត Allen ក៏បានភ្លាត់ស្នៀតធ្វើឱ្យ Zhang នាំមុខជាថ្មីតាមរយៈលទ្ធផលបណ្តោះអាសន្ន ៦-៥ មុនពេលវាយឈ្នះ ៣សិតជាប់គ្នា ដើម្បីនាំមុខ ៩-៧ វិញ និងបន្ថែមជ័យជម្នះ ១សិតចុងក្រោយ ក្នុងការយកឈ្នះ ១០ទល់នឹង៨ តែម្តង។

តាមរយៈជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រពាន Players Championhips 2024 នេះដែរ បានញ៉ាំងឱ្យ Mark Allen រំកិលពីលេខរៀងទី១១ ឆ្ពោះមកកាន់លេខ៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកវិញនាពេលនេះដែរ គ្រាដែលគូប្រជែង Zhang Anda បន្តឈរនៅលេខរៀងទី១២៕