(ភ្នំពេញ)៖ លោក ខេម មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថ្មីៗនេះលោកថែមទាំងបានបង្កើតក្រុមបាល់ទាត់រួមគ្នាមួយសុទ្ធសឹងជាអ្នកសិល្បៈដែលមានឈ្មោះថា «ខេមបូឌាហ្វូតបលសូពើស្តារ» កំពុងទទួលបានការ គាំទ្រខ្លាំងពីមហាជន ហើយត្រឹមតែ២ប្រកួតប៉ុណ្ណោះ អាចរកប្រាក់បានជាង១ម៉ឺនដុល្លារ ជួយដល់ក្មេងកំព្រា។

តារាចម្រៀង ខេម បានឱ្យដឹងថា មកទល់ពេលនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បង្កើតបានជិត៤ខែហើយ  សុទ្ធតែជាអ្នកសិល្បៈ មានផ្នែកចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និងអ្នកភ្លេង។ល។ កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន២ លើកមកហើយ យើងប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្តស្វាយរៀង។

គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើងគឺដើម្បីជំរុញលើកស្ទួយនិងបំផុសចលនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទៈខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង,ចូលរួមបំផុសគាំទ្រលីកកំពូល ក្នុងនិងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និងរឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា។

ទន្ទឹមនិងការបង្ហាញពីគោលបំណងសំខាន់ដែលបង្កើតក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ នេះឡើង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ ក៏ត្រៀមនឹងរៀបចំធ្វើសន្នីសីទសារព័ត៌មានមួយ ស្តីពីការប្រកួតបាល់ទាត់ សប្បុរសធម៌ ជាមួយថ្នាក់ដឹកនាំខេត្ត កំពង់ស្ពឺ ក្រោមប្រធានបទ «មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ» ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដោយមានការគាំទ្រពីថ្នាក់ដឹកនាំកំពូលៗផងដែរ។​

លោក ខេម បានបញ្ជាក់ទៀតថា ពួកយើងធ្វើការងារនេះ មិនមែនតែមួយខេត្តរឬពីរខេត្តចប់នោះទេ គឺយើងធ្វើការងារនេះក្នុងគម្រោងយូរអង្វែង យើងមានគម្រោងធ្វើការងារនៅតាមបណ្តាខេត្តនានា ជាក់ស្តែងកន្លងមកយើងបានជួយដល់ខេត្តធំ២ រួចមកហើយដូចជាខេត្ត ស្វាយរៀង និងកំពង់ស្ពឺជាដើម។​

លោក ខេម ក៏ដូចជាសមាជិក ក្នុងក្រុម បានដាក់ចិត្តដាក់កាយ ក្នុងការអភិវឌ្ឍន៍ក្រុមបាល់ទាត់នេះ ឲ្យកាន់តែប្រសើរឡើង តាមរយៈកិច្ចការនេះ ខេម រំពឹង ក្រុមរបស់ខ្លួននឹងជាចំណែកមួយអាចជួយជំរុញ ដល់វិស័យកីឡាឲ្យកាន់តែ រីកច្រើនថែមទៀត និងស្របតាមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»

ក្រឡេកមកមើលមហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់វិញ បានសម្តែងនូវការត្រេកអរ ជាមួយការបង្កើតក្រុមបាល់ទាត់មួយនេះ-Cambodia football superstar យ៉ាងច្រើន ថ្វីដ្បិតតែក្រុមនេះទើបតែបង្កើតឡើងក៏ពិតមែន តែមានអ្នកស្គាល់ច្រើនគួរសម ព្រោះក្រៅតែពីសមត្ថភាព ក្រុមមួយនេះ ប្រជុំទៅដោយ អ្នកសិល្បៈល្បីៗ ដូចនេះ រាល់ការប្រកួតម្ដងៗ មានមហាជនទៅចូលរួមទស្សនាច្រើន៕