(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC នាពេលថ្មីៗនេះបានបើកសម្ពោធជាផ្លូវការនូវរោងចក្រផលិតឧបករណ៍ពាក់កណ្តាលសម្រេច «semiconductor» ដំបូងបង្អស់របស់ខ្លួននៅលើទឹកដីប្រទេសជប៉ុន ដើម្បីជាផ្នែកមួយនៃការពង្រីកផលិតកម្មបន្ទះឈីបជាសាកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។

«យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រគ្រប់កាលៈទេសៈដែលអ្នកបានផ្តល់ឲ្យ»។ នេះជាសំដីរបស់លោក Mark Liu ប្រធាន TSMC ដែលបាននិយាយទៅកាន់ រដ្ឋាភិបាលជប៉ុន សហគមន៍ក្នុងស្រុក និងដៃគូអាជីវកម្ម រួមទាំងក្រុមហ៊ុនអេឡិចត្រូនិកយក្ស Sony និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Denso ដែលបានចូលរួមវិនិយោគ។

ការសម្ពោធរោងចក្របន្ទះឈីបខ្នាតយក្សដំបូងក្នុងប្រទេសជប៉ុនពេលនេះ គឺកើតមានឡើងស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែព្យាយាមគ្រប់មធ្យោបាយ ដើម្បីឲ្យប្រទេសរបស់ខ្លួនក្លាយជាទីតាំងផលិតបន្ទះឈីបដ៏ធំនៅអាស៉ី និងស្របពេលដែលតម្រូវការបន្ទះឈីបកំពុងកើនឡើង។ ក្រៅពីការជួយគាំទ្រពីរដ្ឋាភិបាលជប៉ុន រោងចក្រថ្មីនេះ គឺមានការវិនិយោគចូលរួមពីវិស័យឯកជនសរុប២០ពាន់លានដុល្លារផងដែរ។

គួរជម្រាបថា រោងចក្រថ្មីនេះគឺមានឈ្មោះថា Japan Advanced Semiconductor Manufacturing ឬ JASM ត្រូវបានរៀបចំឡើង និងដំណើរការនៅចុងឆ្នាំនេះ។ TSMC ក៏បានប្រកាសពីផែនការសម្រាប់រោងចក្រទីពីរនៅក្នុងប្រទេសជប៉ុនកាលពីដើមខែនេះផងដែរ ខណៈការផលិតរំពឹងថានឹងចាប់ផ្តើមក្នុងរយៈពេលប្រហែល៣ឆ្នាំខាងមុខ៕