(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសរៀបចំការប្រកួត «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី១ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ និងពង្រឹងចំណងមិត្តភាពរវាងអន្ដរអគ្គនាយកដ្ឋាននានាចំណុះឲ្យក្រសួងដែលបានចូលរួមប្រកួតទាំងអស់ ។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតបែងចែកពូល នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះថា ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ រៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

លោកបន្ដថា «ពាននេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ» ។ ការប្រកួតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១-១៥ ខែមីនា ឆ្នាំ២០២៤ ដោយមានក្រុមតំណាងអគ្គនាយកដ្ឋានចុះក្រសួងមហាផ្ទៃ ១៥ក្រុមចូលរួម និងចែកចែកជា ៤ពូល ។

ចំពោះការប្រកួតលក្ខណៈមិនអាជីពនេះដែរ នឹងអនុវត្តតាមក្បួនច្បាប់ត្រឹមត្រូវ ដោយគ្មានការបែងចែកវណ្ណៈលើទីលានឡើយ អ្វីដែលសំខាន់ គឺផ្តោតលើការលេងកីឡា តាមគោលការណ៍ Fair-Play ។ យ៉ាងណាមិញលោកបានលើកទឹកចិត្តដល់ប្រតិភូ និងកីឡាករគ្រប់ក្រុមដែលចូលរួមព្រឹត្តិការណ៍នេះ ត្រូវរក្សាការប្រកួតដោយស្មារតីទទួលខុសត្រូវ ក្នុងការប្រកួតដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ។ លោក សរ សិទ្ធិ បន្ថែម ។

ឆ្លៀតឱកាសនោះ ជំនួសឲ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចបណ្ដាក្លិបចូលរួមទាំងអស់ លោក សរ សិទ្ធិ ក៏បានថ្លែងអំណរគុណចំពោះលោកអភិសន្ដិបណ្ឌិត ស សុខា តែងតែយកចិត្តទុកដាក់ដល់សុខភាពមន្ដ្រីរាជការក្រោមឱវាទ ដោយផ្ដល់អនុសាសន៍ និងជំរុញឲ្យមានការរៀបចំការប្រកួតកីឡានេះឡើង ។ ក្នុងនោះលោកក៏បានអរគុណក្រុមហ៊ុនដៃគូ ដែលបានសហការចូលរួមរៀបចំព្រឹត្តិការណ៍នេះផងដែរ ៕