(ប៉ារីស)៖ កាតាបមួយដាក់កុំព្យូទ័រ ១គ្រឿង និងម៉េម៉ូរី USB ចំនួន២ ដែលផ្ទុកដោយផែនការសន្តិសុខរបស់ប៉ូលិស សម្រាប់ព្រឹត្តិការណ៍ Paris Olympic Games នៅក្នុងនោះ ត្រូវបានចោរលួច នៅល្ងាចថ្ងៃចន្ទចេញពីរថភ្លើង នៅឯស្ថានីយ Gare du Nord ទីក្រុង Paris ប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

កាតាបដែលជារបស់វិស្វករម្នាក់ មកពីសាលាក្រុង Paris City Hall។ នេះបើតាមការឱ្យដឹងពីប៉ូលិស។ ប៉ូលិសបន្ថែមថា គាត់បានដាក់កាតាបនៅលើកន្លែងដាក់ឥវ៉ាន់ ខាងលើកៅអីអង្គុយរបស់គាត់។

​ដោយសារតែរថភ្លើងពន្យារពេល គាត់បានសម្រេចចិត្តប្តូររថភ្លើង ដែលនៅពេលនោះ ដែលគាត់បានដឹងថា មានចោរកម្ម។

វិស្វកររូបនោះបានឱ្យដឹងថា កុំព្យូទ័រសម្រាប់ធ្វើការ និង USB ចំនួន ២របស់លោក ផ្ទុកដោយទិន្នន័យរសើប ជាពិសេសផែនការប៉ូលិសសាលាក្រុង សម្រាប់ធានាសន្តិសុខនៅព្រឹត្តិការណ៍ Olympics។

ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដោយប៉ូលិសដឹកជញ្ជូនក្នុងតំបន់។

សូមជម្រាបថា មន្ត្រីប៉ូលិសសាលាក្រុង ២ពាន់នាក់ នឹងត្រូវដាក់ពង្រាយនៅអំឡុងពេលព្រឹត្តិការណ៍នោះ ជាមួយនឹងកងកម្លាំងសន្តិសុខប្រមាណ ៣៥,០០០នាក់ ត្រូវបានគេរំពឹងថា នឹងបំពេញតួនាទីជារៀងរាល់ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ Olympics ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដាខាងមុខ៕