(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu បានប្រកាសពីរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនក្នុងទីមាសទី៤ ពោលគឺទទួលបានតិចជាងការប៉ាន់ស្មានរបស់អ្នកវិភាគ។ មូលហេតុដែលធ្វើឲ្យប្រាក់ចំណូលក្រុមហ៊ុននេះ ទទួលបានតិចជាងការរំពឹងទុក គឺដោយសារតែអ្នកផ្សាយពាណិជ្ជកម្មបានរឹតបន្តឹងការចំណាយថវិការបស់ពួកគេ និងចំពេលមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ហាក់មិនទាន់ច្បាស់លាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមទិន្នន័យពី LSEG បានឲ្យដឹងថា ប្រាក់ចំណូលដែលក្រុមហ៊ុន Baidu រកបានគឺមាន ចំនួន ៣៤.៩៥ពាន់លានយន់ (៤.៩២ពាន់លានដុល្លារ) សម្រាប់រយៈពេលបីខែ គិតត្រឹមខែធ្នូ ខណៈការប៉ាន់ប្រមាណជាមធ្យមរបស់អ្នកវិភាគចំនួន ៣៤.៩៧ពាន់លានយន់ ពោលគឺចំនួននេះ តិចជាការរំពឹងទុករបស់អ្នកវិភាគ។ ងាកមក ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក គឺបានធ្លាក់ចុះ ២% ក្នុងការជួញដូរនៅថ្ងៃពុធសប្តាហ៍នេះ។

គួរជម្រាបថា ទោះបីចំណូលក្រុមហ៊ុន Baidu ទាំងមូលទទួលបានតិចជាងការរំពឹងទុកក្តី តែបើងាកមកមើលពីចំណូលរបស់ក្រុមហ៊ុននេះ ដែលរកបានពីទីផ្សារអនឡាញ គឺកើនឡើង ៦% ដែលគិតជាទឹកប្រាក់គឺមានចំនួន ១៩.២ពាន់លានយន់ឯណោះ៕