(ភ្នំពេញ)៖ ក្រុមបាល់ទាត់ដែលទើបតែបង្កើតឡើង ហើយសុទ្ធសឹងជាអ្នកសិល្បៈមានឈ្មោះថា «ខេមបូឌាហ្វូតបលសូពើស្តារ» Cambodia football superstar និងកំពុងទទួលបានការ គាំទ្រខ្លាំងពីមហាជន បានប្រកាសបើកការប្រកួតលក្ខណៈមិត្តភាព ជាមួយក្រុមបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលមានលោក វ៉ី សំណាង អភិបាលខេត្តជាអ្នកដឹកនាំ ដើម្បីស្វែករកថវិការជួយដល់ក្មេរកំព្រា និងការងារសប្បរសធម៌ជាច្រើនទៀត។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោមប្រធានបទ «មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ» ដែលបានរៀបចំឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រោមការចូលរួមជាអធិបតីភាពពីសណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, ក្រុមប្រឹក្សាខេត្ត, តារាចម្រៀង លោក ប៉ុន សុណារិន ហៅខេម ប្រធានក្រុមបាល់ទាត់ Cambodia football superstar ព្រមទាំងតារាសម្ដែងជាសមាជិកក្រុមជាច្រើននាក់។
តារាចម្រៀង ខេម បានឱ្យដឹងថា មកដល់ពេលនេះក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បង្កើតបានជិត៤ខែហើយ សុទ្ធតែជាអ្នកសិល្បៈ មានផ្នែកចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និងអ្នកភ្លេង។ កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន២ លើកមកហើយ យើងប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្តស្វាយរៀង។
ខេម បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើង គឺដើម្បីជំរុញលើកស្ទួយ និងបំផុសចលនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទៈខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង,ចូលរួមបំផុសគាំទ្រលីកកំពូល ក្នុងនិងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និងរឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា។
តារាចម្រៀង ខេម អះអាងថា លោកបានដាក់ចិត្តដាក់កាយ ក្នុងការអភិវឌ្ឍន៍ក្រុមបាល់ទាត់នេះ ឲ្យកាន់តែប្រសើរឡើង និងជាចំណែកមួយអាចជួយជំរុញ ដល់វិស័យកីឡាឲ្យកាន់តែ រីកច្រើនថែមទៀត និងស្របតាមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»។
ដោយឡែកលោក វ៉ី សំណាង ភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា លោកសូមកោតសរសើរដល់តារាចម្រៀង ខេម ដែលចេះផ្ដួចផ្ដើមគំនិតបង្កើតក្រុមបាល់ទាត់នេះឡើង ហើយរាល់ការប្រកួតសុទ្ធតែជួយដល់សង្គម ជាពិសេសជួយដល់ក្មេងកំព្រា ដែលលោកចាត់ទុកថាជាការរួមចំណែកមួយដ៏មានសារៈសំខាន់ និងលើកស្ទួយវិស័យកីឡាកាន់តែប្រសើរ។
លោកអភិបាលខេត្តបន្តថា ក្នុងនាមអ្នកសិល្បៈ គឺបានលើកតម្កើងវិស័យសិល្បៈ វប្បធម៌ខ្មែរលើឆាកអន្តរជាតិរួចទៅហើយ ប៉ុន្តែពេលនេះអ្នកសិល្បៈបានមានគំនិតជួយដល់សង្គមទៀត គឺពិតជាប្រសើរណាស់។ លោកបន្តថា ក្នុងសង្គមសព្វថ្ងៃមនុស្សណាក៏មានបញ្ហាដែរ ប៉ុន្តែយើងត្រូវជួយគ្នា ខណៈដែលប្រទេសយើងមានសុខសន្តិភាពពេញលេញ អាចឲ្យយើងគ្រប់គ្នាមានឱកាស ធ្វើការងារមនុស្សធម៌ ឬការងារផ្សេងៗទៀតបានទាំងអស់។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់ទាំងព្រិត្តឹការណ៍នៃការប្រកួតមកដល់ផង កម្មវិធីមូលនិធិសប្បុរសធម៌នេះទទួលបានការឧបត្ថម្ភពីសប្បរសជនជាច្រើន ក្នុងនោះរួមមាន សម្តេចតេជោ ហ៊ុន សែន ៥០លានរៀល,លោក ឃួង ស្រេង ១០ លានរៀល, ក្រុម Cambodia football superstar ៥ លានរៀល, អ្នកឧកញ៉ាឡេង ណាវ៉ាត្រា និងលោកស្រី ១លានរៀល, ឧកញ៉ា យឹម តាស្រង់ ៥០ម៉ឺនរៀល, អ្នកឧកញ៉ា ឡេង ប្រុស ១លានរៀល, លោកឧកញ៉ា សំ បូទម្ភ និងលោកស្រី ១លានរៀល, លោកឧកញ៉ា អ៉ឹង គីមហុង និងលោកស្រី ១លានរៀល,លោក ខេមរៈ ភារុន ២០ម៉ឺនរៀល, លោកឧកញ៉ា ឡេង និមល និងលោកស្រី ៥០ម៉ឺនរៀល, លោកឧកញ៉ា ចេង ខេង នឹងលោកស្រី ៥០ម៉ឺនរៀល, លោកឧកញ៉ា ហេង ឡុង និងលោកស្រី ៥០ម៉ឺនរៀល,ឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី ៥០ម៉ឺនរៀល, លោកឧកញ៉ា សុន ដារ៉ាវុធ និងលោកស្រី ៥០ម៉ឺនរៀល, លោកឧកញ៉ា សុខ មុយលី ៥០ម៉ឺនរៀល, លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកស្រី ១លានរៀល,លោកឧកញ៉ា ខេមរៈ សិរីមន្ត នឹងលោកស្រី ១លានរៀល, លោកឧកញ៉ា ហ៊ួត ជា ៥០ម៉ឺនរៀល, តារាម្រៀង ខាន់ ជេមស៍ និងភរិយា ៤០ម៉ឺនរៀល និងតារាចម្រៀង តន់ ចន្ទសីម៉ា ៤០ម៉ឺនរៀល៕