(ម៉ាឌ្រីដ)៖ កីឡាករ Arda Guler រហស្សនាម Messi តួកគី រកបាន ១គ្រាប់ជ័យជម្នះរួមចំណែកជួយ Real Madrid កាន់តែប្រកៀកគ្រងជើងឯកពាន La Liga រដូវកាលឆ្នាំ២០២៣-២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

១គ្រាប់នេះដែរ វាក៏ជាការចូលលេងក្នុងជម្រើស ១១នាក់ដំបូងសម្រាប់កីឡាករវ័យទើបតែ ១៩ឆ្នាំ ដែលបានផ្ទេរមកពីក្លិប Fenerbahce នាអំឡុងខែកក្កដា ឆ្នាំ២០២៣ ក្នុងការស៊ុត ១គ្រាប់នៅនាទី២៩ ជួយអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Real Sociedad ១ទល់នឹង០ នៅក្របខណ្ឌ La Liga ប្រចាំសប្តាហ៍ទី៣៣ ជើងទី២។

ក្នុងចំណោម ៥ប្រកួតដែលនៅសល់នារដូវកាលនេះ ក្រុមរបស់លោក Carlo Ancelotti ត្រូវការត្រឹមតែ ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគរដូវកាលនេះ ដ្បិតកំពុងនាំមុខកំពូលតារាងដាច់ ១៤ពិន្ទុ ដោយមានពិន្ទុសរុប ៨៤ពិន្ទុ បើធៀបនឹងក្រុមការពារតំណែងជើងឯកចាស់ FC Barcelona ដែលមានតែ ៧០ពិន្ទុ។

Real អតីតជើងឯករង La Liga រដូវកាលមុន បានធ្វើការផ្លាស់ប្តូរសមាសភាពជម្រើស ១១នាក់ជាច្រើន ក្រោយជំនួប El Clasico កាលចុងសប្តាហ៍មុន ដោយបានលេងឈ្នះ Barcelona ៣-២ ផងនោះ មុនពេលមកប៉ះ Sociedad ដែលកំពុងឡើងជើង នៅពេលអតីតកីឡាករអធិរាជសគឺ Takefusa Kubo ជាអ្នករកគ្រាប់តាមស្មើ ១-១ តែត្រូវបានបដិសេធ ដោយសារស្ថិតក្នុងជំហរក្រៅល្បែង (offside)៕