(ម៉ាឌ្រីដ)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានសម្រេចតែងតាំងលោក Pedro Rocha ជាប្រធានថ្មីរបស់ពួកគេ ទាំងដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនាពេលថ្មីៗ ដែលអាចមានជាប់ពាក់ព័ន្ធករណីពុករលួយជាមួយអតីតប្រធានចាស់ លោក Luis Rubiales។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកាសតែងតាំងនេះដែរ ត្រូវបានធ្វើឡើងដោយ RFEF ដោយស្រង់បានទិន្នន័យពីបេសកកម្មបោះឆ្នោតផ្ទៃក្នុងកាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ដ្បិតកន្លងមកបុរសវ័យ ៦៩ឆ្នាំ Rocha ក៏បានកាន់តួនាទីប្រធានស្តីទីមកហើយដែរ គិតចាប់តាំងពីលោក Rubiales បានចុះចេញពីតំណែង ក្រោយផ្ទុះរឿងអាស្រូវថើបមាត់កីឡាការិនី Jenni Hermoso។

យ៉ាងនេះក្តី លោក Rocha នៅតែបន្តស្ថិតក្រោមការស៊ើបអង្កេតដដែល ក្រោយផ្តល់សក្ខីកម្មករណីពុករលួយរបស់លោក Rubiales ដ្បិតលោកទទួលស្គាល់ថា គ្មានសិទ្ធិអ្វីក្នុងការរារាំងរឿងនេះទេ និងហ៊ានទទួលខុសត្រូវគ្រប់យ៉ាង ប្រសិនបានប្រព្រឹត្តខុស។

នៅចាំបានថា ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ បានឈ្នះជើងឯក Women’s World Cup លើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០២៣ ក្រោយយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ១-០ នៅវគ្គផ្តាច់ព្រ័ត្រ និងបានកំពុងរៀបចំឯកសារដាក់ស្នើដល់ FIFA ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 ផ្នែកបុរសជាមួយអង់គ្លេសដែរ៕