(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានឱ្យដឹងថា ខ្លួននឹងវិនិយោគប្រមាណ ៣ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Indiana និងពង្រីកមជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់នៅក្នុងរដ្ឋ Virginia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ចាប់តាំងពីការរីកដុះដាល នៃកម្មវិធីបញ្ញាសិប្បនិមិត្ត(AI) ឃើញថាតម្រូវការសម្រាប់ Cloud Computing កើនឡើងទ្វេដង និងបានជំរុញឱ្យក្រុមហ៊ុន Big Tech សម្រុកពង្រីកសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ អាជីវកម្ម Cloud Computing ដ៏ធំរបស់ Amazon ក៏បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១១ពាន់លានដុល្លារ ទៅកាន់មជ្ឈមណ្ឌលទិន្នន័យថ្មីក្នុងរដ្ឋ Indiana និងបង្កើតការងារថ្មីប្រមាណ ១,០០០ការងារផងដែរ។

គួរជម្រាបថា ទំហំនៃការវិនិយោគនេះ Google នឹងចំណាយប្រាក់ខ្ទង់ ២ពាន់លានដុល្លារសម្រាប់បរិវេណសាកលវិទ្យាល័យ Indiana នៅ Fort Wayne និង ១ពាន់លានដុល្លារទៀត ដើម្បីពង្រីកសាខាមជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់ចំនួន ៣នៅរដ្ឋ Virginia។ បន្ថែមពីនេះ នៅថ្ងៃសុក្រសប្តាហ៍បនេះ ក្រុមហ៊ុន Google ក៏បានប្រកាសផ្តល់មូលនិធិ Google AI Opportunity Fund តម្លៃ ៧៥លានដុល្លារដើម្បីបណ្តុះបណ្តាលជនជាតិអាមេរិកលើជំនាញ AI ផងដែរ៕