(ភ្នំពេញ)៖ មនុស្សភាគច្រើនយល់ច្រឡំថា «ផ្កាយដុះកន្ទុយ» គឺជាផ្កាយដែលឆេះបែកផ្កាភ្លើងអូសអន្លាយដូចជាកន្ទុយ ដូច្នេះហើយទើបពួកគេហៅថា ផ្កាយដុះកន្ទុយ។ ប៉ុន្តែបើយោងតាម​គេហទំព័រ​របស់​អង្គការ NASA «ផ្កាយដុះកន្ទុយ» ឬ​ភាសា​អង់គ្លេស​ហៅថា «Comet» មិនមែនជាផ្កាយនោះទេ។ ចុះបើផ្កាយដុះកន្ទុយ មិនមែនជាផ្កាយដុះកន្ទុយដូចដែលយើងគិតនោះ តើវាជាអ្វីឱ្យប្រាកដ និងមានដំណើរគោចរយ៉ាងណា?

អង្គការ NASA បានពន្យល់ថា ផ្កាយដុះកន្ទុយ គឺជាអង្គសំណល់ដែលសល់ពីការកកើតប្រព័ន្ធព្រះអាទិត្យរបស់យើងកាលពី៤,៦០០លានឆ្នាំមុន។ កន្ទុយរបស់ផ្កាយដុះកន្ទុយផ្សំឡើងដោយធូលី ថ្ម និងទឹកកក ហើយលាតសន្ធឹងរាប់លានម៉ាយល៍ ឬរាប់សិបលានគីឡូម៉ែត្រ។ នៅពេលដែលធ្វើដំណើរទៅជិតព្រះអាទិត្យ ពួកវាក៏ឡើងកម្ដៅ ហើយបញ្ចេញឧស្ម័ននិងធូលីចូលទៅផ្នែកក្បាលដែលអាចមានទំហំធំជាងភពមួយ។

គេបានប៉ាន់ស្មានថា ទំនងជាមានផ្កាយដុះកន្ទុយរាប់ពាន់លានគោចរជុំវិញព្រះអាទិត្យរបស់យើង ពិសេសនៅក្នុងខ្សែក្រវាត់ខាយផឺរ (Kuiper belt) ខណៈកន្លងទៅអ្នកវិទ្យាសាស្ត្របានរកឃើញនិងកត់ត្រាពីចំនួនផ្កាយដុះកន្ទុយប្រហែល ៣,៩១០ដុំ។

កាលពី​ឆ្នាំ​១៩៨៦ ផ្កាយដុះកន្ទុយ Halley បានធ្វើ​ដំណើរ​មក​ជិត​ភពផែនដី និង​ព្រះអាទិត្យ ដែលមនុស្សយើងអាច​មើលឃើញ​នៅពេលយប់ ដោយ​វា​ហោះ​យឺតៗ​កាត់​ផ្ទៃ​មេឃងងឹត ហើយក៏​ត្រឡប់​ទៅវិញនាពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។ NASA អះអាងថា វត្តមាន​របស់ផ្កាយដុះកន្ទុយ Halley ​នឹង​ត្រឡប់មកវិញ​ក្នុង​រង្វង់​ឆ្នាំ២០៦០​។ នេះ​ក៏​ព្រោះផ្កាយដុះកន្ទុយ​មាន​គន្លងគោចរ​រាង​ពងក្រពើ​​ជុំវិញ​ព្រះអាទិត្យ​។ វា​ធ្វើដំណើរ​មក​ជិត​ភពផែនដី​រៀងរាល់៨៦​ឆ្នាំ​ម្តង​។

សូមជម្រាបថា នាខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ផ្កាយដុះកន្ទុយពណ៌បៃតងមួយបានធ្វើដំណើរមកជិតផែនដីឡើងវិញ ដែលមានគម្លាតត្រឹមតែជាង៤០លានគីឡូម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីវាបានហោះទៅជិតព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ អ្នកវិទ្យាសាស្ត្របានឱ្យឈ្មោះផ្កាយដុះកន្ទុយនេះថា C/2022 E3។

គួរជម្រាបថា បើ​សិក្សា​បន្ថែមទៀតពីវិទ្យាសាស្ត្រផ្នែកអវកាស ប្រព័ន្ធ​ព្រះអាទិត្យ​សម្បូរ​ទៅដោយ​បាតុភូត និង​សកម្ម​ភាពច្រើនណាស់ដែល​មនុស្ស​មិនទាន់​បានដឹង មិនទាន់រកឃើញ ហើយទាមទារឱ្យមានការសិក្សាបន្ថែមទៀតផងដែរ​៕