(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលសមិទ្ធផលដ៏ល្អប្រសើរមួយទៀតហើយ ដោយដណ្ដើមបានមេដាយរហូតដល់ ២៩គ្រឿង ពីការប្រកួតលក្ខណៈអន្ដរជាតិ AFG Open International 2024 នៅទីក្រុងបាងកក ប្រទេសថៃ។

យោងតាមរបាយការណ៍សហព័ន្ធ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ ចំពោះសមិទ្ធផល ដែលអត្តពលិករបស់ខ្លួន ដណ្ដើមបានជូនជាតិខាងលើ រួមមានមេដាយមាស ១១, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩។

គួរដឹងថា ការប្រកួតជឺជីតស៊ូលក្ខណៈអន្ដរជាតិ AFG Open International 2024 នេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ ដោយមានអ្នកចូលរួមជិត ៧៥០នាក់ ក្នុងនោះក៏មានវត្តមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាជាច្រើនរូបផងដែរ៕