(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន E-commerce យក្សចិន Alibaba Group Holding បានបើកទីស្នាក់ការថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅទីក្រុង Hangzhou ក្នុងតំបន់ Xixi នៃរដ្ឋធានីខេត្ត Zhenjiang ប្រទេសចិន នឹងត្រូវបានគេស្គាល់ថា ទីស្នាក់ការកណ្តាលដ៏ធំបំផុតនៅលើទឹកដីកំណើតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ South China Morning Post។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន្តរភាព» ដោយបំពាក់នូវប្រព័ន្ធការរិយាល័យឆ្លាតវៃ រួមទាំងបច្ចេកវិទ្យាទំនើបៗដូចជា Internet of Things និង បញ្ញាសិប្បនិម្មិត្ត AI ដែលអនុញ្ញាតឱ្យបុគ្គលិកគ្រប់គ្រងមុខងារការិយាល័យផ្សេងៗតាមរយៈលេខកូដឆ្លើយតបរហ័សនៅតុរបស់ពួកគេ។

គួរជម្រាបដែរថា ទីស្នាក់ការសកលថ្មីរបស់ Alibaba សម្រេចបានស្របពេលប្រារព្ធកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំរបស់ក្រុមហ៊ុនយក្សចិននេះ នឹងត្រូវបានគេស្គាល់ថាជា AliDay ឬកម្មវិធីគ្រួសារ Alibaba។ ក្នុងនោះ Alibaba បានបញ្ជាក់ថា បរិវេណ Xixi Area A ដែលមានស្រាប់នឹងប្រែទៅជាទីស្នាក់ការកណ្តាលរបស់ Taobao, Tmall និងអាជីវកម្មអេឡិចត្រូនិកក្នុងស្រុកផ្សេងទៀត ខណៈដែល Xixi Area B ដែលទើបបង្កើតថ្មី នឹងប្រែក្លាយទៅជា «សួនបើកចំហ» សម្រាប់ដៃគូអាជីវកម្មរបស់ Alibaba ជាកន្លែងសម្រាប់កិច្ចសហការ និងការច្នៃប្រឌិត៕