(ភ្នំពេញ)៖ ដើម្បីជាការបង្ហាញនូវឆន្ទៈនៃការគាំទ្រសហគមន៍ ក្នុងឪកាសអបអរ ទិវាអ្នកម្តាយនេះ Marum Estate និង Angkor Art Gallery មានមោទនភាពក្នុងការរៀបចំកម្មវិធី «Save Mommy»«គាំទ្រមាតា» ដែលជាការតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ ក្នុងគោលបំណងលើកកម្ពស់ ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះ ដោយសារអំពើហិង្សា។

កម្មវិធីនេះរៀបចំឡើងនៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកន្លែងតាំងបង្ហាញគម្រោង Marum Estate ហើយព្រឹត្តិការណ៍នេះរួមបញ្ចូលគ្នា នូវការបង្ហាញស្នាដៃសិល្បៈជាមួយនឹងសប្បុរសធម៌ ដើម្បីអបអរអត្ថន័យនៃភាពជាម្តាយ និងភាពអត់ធន់របស់ស្ត្រី។ រយៈពេលនៃការតាំងពិព័រណ៌នេះ នឹងដំណើរការរយៈពេលបីខែ ដោយមានការដាក់បង្ហាញស្នាដៃសិល្បៈជាបន្តបន្ទាប់ ចាប់ផ្តើមពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ Marum Estate Showroom ដែលមានទៅតាំងស្ថិតនៅក្នុង The Point Community Mall។

Marum Estate ប្តេជ្ញាប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីប្រយោជន៍សង្គម ដោយផ្តោតលើការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សហគមន៍។ ការនាំមកជូននូវកម្មវិធី «Save Mommy» គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការផ្តល់ត្រឡប់ទៅសង្គម និងគាំទ្របុព្វហេតុសំខាន់ៗ ដែលការពារ និងលើកកម្ពស់ស្ត្រី។ កិច្ចសហការជាមួយ Angkor Art Gallery នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់ Marum Estate ក្នុងទំនួលខុសត្រូវសាជីវកម្ម គោលបំណងជំរុញបរិយាកាសគាំទ្រ ដែលសិល្បៈ និងសប្បុរសធម៌ប្រសព្វគ្នា ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់ស្ត្រី និងគ្រួសាររបស់ពួកគេ។

ការតាំងពិព័រណ៍នេះនឹងរួមមានវត្តមានវាគ្មិនកិត្តិយសពិសេសៗ និងការបង្ហាញស្នាដៃសិល្បៈដោយផ្ទាល់ ដើម្បីជាការបង្កើនបទពិសោធន៍សម្រាប់អ្នកចូលរួម ក៏ដូចជាបង្កើនការយល់ដឹងអំពីបញ្ហាសំខាន់ៗ ដែលស្ត្រីជាច្រើនកំពុងប្រឈមមុខ នាពេលបច្ចុប្បន្ននេះ។

ថវិកាដែលរៃអង្គាសបានពីការតាំងពិព័ណ៌សិល្បៈនេះ នឹងផ្តល់ធនធានសំខាន់ៗដល់ស្ត្រី និងកុមារីដែលរួចរស់ជីវិតពីអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរ ដែលកំពុងស្នាក់នៅក្នុង មណ្ឌលវិបត្តិស្ត្រីកម្ពុជា នៅខេត្តបន្ទាយមានជ័យ។

ថវិកានេះនឹងជួយផ្តល់សេវាសំខាន់ៗដូចជា ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងផ្តល់ជាទីជម្រកដើម្បីជួយពួកគេក្នុងការកសាងជីវិត និងទទួលបានឯករាជ្យភាពឡើងវិញ។ យើងសូមអញ្ជើញគ្រប់គ្នាមកចូលរួមជាមួយ Marum Estate និង Angkor Art Gallery ក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានតាមរយៈព្រឹត្តិការណ៍ «គាំទ្រមាតា»នេះ។ ការចូលរួមរបស់អ្នកនឹងមិនត្រឹមតែអបអរសាទរ ទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់បុព្វហេតុដែលគាំទ្រ និងលើកស្ទួយស្ត្រីក្នុងគ្រាដែលពួកគេត្រូវការការគាំទ្រ៕