(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនយក្ស Apple និង OpenAI ជិតឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងមួយ ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ChatGPT ទៅក្នុង iPhone តាមរយៈ iOS 18 នាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ Furtune។

នៅថ្ងៃសុក្រកន្លងទៅនេះ លោក Mark Gurman បានបង្ហោះសារនៅលើភ្លេតហ្វម Mashable មានខ្លឹមសារថា «Apple កំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយ OpenAI ដើម្បីផ្តល់ថាមពលដល់មុខងារ AI មួយចំនួន ដូចជា Chatbot សម្រាប់ iOS ថ្មីឆ្នាំនេះ។ ការពិភាក្សាជាមួយ Google ដើម្បីផ្តល់អាជ្ញាប័ណ្ណ Gemini chatbot កំពុងបន្ត ប៉ុន្តែនៅមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានសម្រេចនៅឡើយនោះទេ»

យ៉ាងណាមិញការរួមបញ្ចូល ChatGPT ទៅក្នុង iOS 18 នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយរបស់ Apple ដើម្បីបង្កើនការផ្តល់ជូន AI របស់ខ្លួន និងរក្សាការប្រកួតប្រជែងនៅក្នុងទិដ្ឋភាព AI ដែលកំពុងវិវត្តន៍ ខណៈដែលក្រុមហ៊ុនជាច្រើនផ្សេងទៀតកំពុងងាកទៅវិស័យនេះ។

គួរជម្រាបថា ការធ្វើបច្ចុប្បន្នភាព iPhone នាពេលខាងមុខ ត្រូវបានគេរំពឹងថា នឹងបំពាក់នូវសមត្ថភាព ChatGPT លើមុខងារ iOS ដ៏ពេញនិយមដូចជា iMessage, FaceTime និង Siri ដោយឡែកព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានប្រភពរំពឹងថានឹងត្រូវបានចែករំលែកនៅព្រឹត្តិការណ៍ WWDC ក្នុងខែមិថុនាខាងមុខនេះ៕