(ភ្នំពេញ)៖ កីឡាករគុនខ្មែរជួរមុខរបស់កម្ពុជា ១០រូប នឹងត្រូវស្វាគមន៍កីឡាករជើងខ្លាំងចិន ១០រូប ក្នុងព្រឹត្តិការណ៍ រាជសីហ៍ Kun Khmer vs Wu Ling Feng នៅរាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ខណៈអ្នកជំនាញរំពឹងព្រឹត្តិការណ៍នេះ នឹងទាក់ទាញការចាប់អារម្មណ៍ និងទស្សនារាប់លាននាក់ពីប្រជាជនកម្ពុជា និងចិន។

លោក Tommy Kim ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទថា ដោយមានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាឃីគបុកស៊ីងកម្ពុជា ទើបលេចនូវវត្តមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ក្រោមកិច្ចសហការជាមួយស្ថាប័ន Wu Ling Feng របស់ចិន ក្នុងការសម្រិតសម្រាំងកីឡាករខ្លាំងៗរៀងខ្លួន ដើម្បីជួបគ្នាយប់នេះ។

ចំពោះកំពូលអ្នកប្រយុទ្ធគុនខ្មែរ ដែលត្រៀមជួបអ្នកលេងគុនចិននារាត្រីនេះ រួមមានអ្នកលេងពូថៅដៃ ធឿន ធារ៉ា, កីឡាករ រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, ពេជ្រ សម្បត្តិ, ឈិត សេរីវណ្ណថង, ម៉ឺន មេឃា, ភក្ដី គុនខ្មែរ, សាន់ គុនខ្មែរ, ហ៊ឹម គឹមរៀង និង ខាំ ខ្លារាជ ជាដើម។ ប៉ុន្ដែក្នុងចំណោមបេក្ខភាពប្រកួតទាំង ១០គូ មានកីឡាករខ្លះ ត្រូវប្រកួតគុនខ្មែរ និងកីឡាករខ្លះ ត្រូវប្រកួតឃីកបុកស៊ីង។

ស្ថាបនិកគុនខ្មែរប្រចាំសង្វៀនថោនខាងលើបន្ដថា នេះជាលើកដំបូងហើយ ដែលមានប្រកួតទ្រង់ទ្រាយធំរវាងកីឡាករកម្ពុជា និងចិន។ លោករំពឹងថា តាមរយៈព្រឹត្តិការណ៍នេះ នឹងជំរុញការផ្សព្វផ្សាយគុនខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ការអភិវឌ្ឍរីកចម្រើន និងសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដ្បិតតាមរយៈការប្រកួតយប់នេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់ទៅចិន ហើយមានមនុស្សរាប់លាននាក់កំពុងរង់ចាំទស្សនាដែរ។

ទន្ទឹមជាមួយគ្នាដែរ លោក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានគាំទ្រពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍ រាជសីហ៍ Kun Khmer vs Wu Ling Feng នេះឡើង ដែលមិនត្រឹមជាការប្រកួតដើម្បីរឹតចំណងមិត្តភាព រវាងកីឡាករ និងកីឡាករនោះទេ តែក៏ជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ម្យ៉ាងក៏ជាការរួមចំណែកដ៏ធំ ដើម្បីជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជា ត្រៀមការប្រកួតធំៗនាថ្ងៃអនាគតទៀតផង៕