(មីឡាន)៖ Top scorer របស់ក្រុមជម្រើសជាតិបារាំង គឺខ្សែប្រយុទ្ធ Olivier Giroud នឹងចាកចេញពីក្លិប AC Milan ក្រោយពេលបញ្ចប់រដូវកាលឆ្នាំ២០២៣-២០២៤ ដោយផ្លាស់ទៅលេងក្នុងលីគ Major League Soccer។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Giroud វ័យ ៣៧ឆ្នាំ បានឈ្នះពានលីគកំពូល Serie A ជាមួយ AC Milan នារដូវកាលឆ្នាំ២០២១-២០២២ ដោយស៊ុតបាន ៤៨គ្រាប់ និងបោះបាល់ឱ្យគេស៊ុតបាន ២០គ្រាប់ផងដែរ ពីការចូលលេងសរុប ១៣០ប្រកួតជាមួយក្លិបអ៊ីតាលីមួយនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយអតីតមិត្តរួមនៅជម្រើសជាតិបារាំង Hugo Lloris ក្នុងក្លិប Los Angeles FC សមាជិកលេងក្នុងលីគកំពូលអាមេរិក MLS នាបច្ចុប្បន្ននេះ។

Giroud បានថ្លែងថា «ខ្ញុំនឹងលេង ២ប្រកួតចុងក្រោយជាមួយ AC Milan សម្រាប់រដូវកាលនេះ មុនពេលទៅបន្តអាជីពបាល់ទាត់នៅក្របខណ្ឌ MLS។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ជាមួយ AC Milan ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដ្បិតឈានមកដល់ផ្លូវបំបែក និងនៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច»

នៅចាំបានថា Olivier Giroud បានមកចូលរួមជាមួយ AC Milan ក្នុងឆ្នាំ២០២១ ក្រោយចាកចេញពីក្លិបអង់គ្លេស តោខៀវ Chelsea បន្ទាប់ពីឈ្នះពាន UEFA Champions League, Europa League និងពាន FA Cup ក្នុងរយៈពេល ៤រដូវកាលនៅក្លិបស្ថិតនៅភាគខាងលិចទីក្រុង London។ រូបគេរកបាន ៥៧គ្រាប់ច្រើនជាងគេសម្រាប់មាន់គកបារាំងនាំមុខ Thierry Henry ៦គ្រាប់ ពីការចូលលេងបាន ១៣១ប្រកួតផងដែរ៕