(បរទេស)៖ បុរសសញ្ជាតិស្លូវេនី Slavko Vincic និងអ្នកស្រី Rebecca Welch ត្រូវបានសហព័ន្ធ UEFA សម្រេចជ្រើសរើស ដើម្បីដឹកនាំការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២៣-២០២៤ ដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក Vincic នឹងដឹកនាំការប្រកួតផ្តាច់ព្រ័ត្រ UCL ផ្នែកបុរសរវាងក្រុម Real Madrid របស់អេស្ប៉ាញប៉ះក្រុមអាល្លឹម៉ង់ Borussia Dortmund នាថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ដែលនឹងធ្វើឡើងនៅ កីឡដ្ឋានជាតិអង់គ្លេស Wembley នៅពេលអ្នកស្រី Welch កាត់សេចក្តីផ្តាច់ព្រ័ត្រផ្នែកនារីរវាង FC Barcelona ទល់នឹង Lyon នៅថ្ងៃទី២៥ ខែឧសភា ក្នុងកីឡដ្ឋាន San Mames នៃប្រទេសអេស្ប៉ាញ។

នារីវ័យ ៤០ឆ្នាំរូបនេះ ទើបតែបានបង្កើតប្រវត្តិសាស្រ្តថ្មី តាមរយៈក្លាយជាអាជ្ញាកណ្តាលស្រ្តីដំបូងគេ ដែលបានដឹកនាំការប្រកួតនៅលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២០២៤ ក្នុងប្រកួតដែល Burnley ទទួលបានជ័យជម្នះ ២ទល់នឹង០ ទៅលើគូប្រជែង Fulham។

កន្លងមក Welch ក៏ធ្លាប់បានកាត់សេចក្តីក្នុង Women’s Champions League ៦ប្រកួតមកហើយរដូវកាលនេះ និងក្លាយជាមន្រ្តីអាជ្ញាកណ្តាលទី៤ ផងដែរកាលផ្តាច់ព្រ័ត្រឆ្នាំទៅ ក្រោយវិវត្តន៍ខ្លួនទៅជាអាជ្ញាកណ្តាលអន្តរជាតិក្នុងឆ្នាំ២០១៥ និងបានធ្វើការពេញម៉ោងកាលឆ្នាំ២០១៩ មក៕