(ឡុងដ៍)៖ លោក Ange Postecoglou គ្រូបង្វឹក Tottenham Hotspur បាននិយាយក្នុងសន្និសីទថា អ្នកគាំទ្រក្លិបស្ទើរតែទាំងអស់ ចង់ឱ្យឈ្នះការប្រកួតពេលប៉ះ Manchester City រាត្រីនេះ ដើម្បីផ្តល់ឱកាសដល់ Arsenal លើកពាន Premier League រដូវកាលនេះ។

ទន្ទឹមគ្នានោះ បុរសសញ្ជាតិអូស្រ្តាលីខាងលើនេះក៏បានបង្ហាញអារម្មណ៍ផ្ទុយផងដែរ ចំពោះអ្នកគាំទ្រក្លិបមាន់ខ្នាយមាសខ្លះចង់ឱ្យ Spurs ចាញ់ការប្រកួតនេះទៅវិញ ដើម្បីរារាំងកាំភ្លើងធំក្នុងការលើកពានលីគរដូវកាលនេះទៅវិញ ដ្បិតពួកគេបានខកខានឈ្នះ គិតចាប់តាំងពីរដូវកាលឆ្នាំ២០០៣-២០០៤ មកម្ល៉េះ។

លោកបញ្ជាក់ថា «ខ្ញុំយល់អារម្មណ៍ចំពោះក្រុមដែលស្ថិតក្នុងតំបន់តែមួយ ក៏ព្រោះតែខ្ញុំជាមនុស្សសំខាន់ក្នុងប្រកួតដ៏ធំនេះដែរ តួយ៉ាងដូចកាលនៅដឹកនាំ Celtic ប្រកួតទល់នឹង Rangers។ ក៏ប៉ុន្តែខ្ញុំនៅតែមិនយល់ចំពោះអ្នកគាំទ្រខ្លះដែលចង់ឱ្យពួកយើងចាញ់ទៅវិញ។ នោះពុំអាចសមតាមបំណងបានទេ ហើយរឹតតែពុំមែនជាអ្វីដែលខ្ញុំចូលចិត្តដែរ»។

Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមការពារតំណែងជើងឯក Man City នៅរាត្រីថ្ងៃអង្គារនេះ ក្នុងជំនួបដ៏ស្វិតស្វាញ ក្នុងការប្រជែងពានជើងឯកលីគ PL រដូវកាលនេះ ហើយប្រសិនបើ Spurs លេងស្មើ ឬក៏ឈ្នះក្រុមរបស់លោក Pep Guardiola នោះ Arsenal ក្រុមស្ថិតនៅទីក្រុង London ជាមួយ Spurs នឹងឈ្នះជើងលីគតែម្តង ប្រសិនបើឈ្នះ Everton នាថ្ងៃទី១៩ ខែឧសភានៅថ្ងៃបិទបញ្ចប់រដូវកាល។

Man City ឈរលេខ២ មាន ៨៥ពិន្ទុ គ្រាដែលពួកគេនៅសល់ ២ប្រកួតក្នុងដៃត្រូវលេងទល់នឹង Spurs និងថ្ងៃចុងក្រោយប៉ះ West Ham United ដ្បិតចាញ់ក្រុមកំពូលតារាង Arsenal តែ ១ពិន្ទុប៉ុណ្ណោះ និងចាញ់ ប្រៀបគ្រាប់បាល់ចំណេញ ៣គ្រាប់ផងដែរ (goal difference) នៅពេលកាំភ្លើងត្រូវប៉ះស្ករគ្រាប់ Everton នាថ្ងៃចុងក្រោយ៕