(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi ឥលូវនេះមិនមែនគ្រាន់តែជា បងធំផ្នែកស្មាតហ្វូនទេ តែកំពុងវាយលុកយ៉ាងពេញទំហឹងលើវិស័យរថយន្តអគ្គិសនី។ ខណៈរថយន្តរបស់ខ្លួន ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតមានការបញ្ជារទិញរាប់ម៉ឺនគ្រឿងត្រឹមរយៈពេលដ៏ខ្លី ពេលនេះទទួលដំណឹងថា Xiaomi កំពុងសំងំរចនារថយន្តម៉ូដែលថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយ Tesla Model Y សម្រាប់ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Erena EV នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ប្រភពផ្ទៃក្នុងបានបង្ហើបថា Xiaomi បាននឹងកំពុងព្យាយាមយកគំរូតាមរថយន្ត SUV ដើម្បីត្រៀមបញ្ចេញនាពេលខាងមុខ ហើយក៏ចូលខ្លួនមកដើម្បីប្រជែងជាមួយម៉ូដែលដ៏ពេញនិយមរបស់ក្រុមហ៊ុន Tesla ផងដែរ។ តែយ៉ាងណា ដំណឹងនេះមិនមែនថ្មី សម្រាប់អ្នកតាមដានវិស័យរថយន្តទេ ពោលគឺគេបានដឹងខ្លះៗ ចាប់តាំងនាយកប្រតិបត្តិ Xiaomi លោក Lei Jun បានប្រកាសពីមហិច្ឆតារថយន្តអគ្គិសនីរបស់ខ្លួន ក្នុងឆ្នាំ២០២១មកម្ល៉េះ។

ដំបូងឡើយ ផែនការរបស់ Xiaomi គឺផ្តោតទៅលើការផលិតរថយន្ត SU7 sedan ឲ្យបានដល់ ១០០,០០០ គ្រឿងនៅឆ្នាំនេះ។ ដោយសារតែ ម៉ូដែល SU7 ត្រូវបានក្រុមហ៊ុន Xiaomi ផលិត និងដាក់លក់រួចហើយ ក្រុមហ៊ុននេះក៏កំពុងមានបំណងផ្លាស់ប្តូរគោលដៅ មិនបញ្ចេញរថយន្តសេរីថ្មីក្នុងឆ្នាំនេះទេ ពោលរថយន្ត SUV ថ្មី អាចនឹងចេញនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។ ពេលវេលានេះ គឺស្របនឹងការបញ្ចប់ដំណាក់កាលទីពីរ នៃរោងចក្រដំឡើងរថយន្តថ្មីរបស់ក្រុមហ៊ុន Xiaomi នៅក្នុងទីក្រុងប៉េកាំងតែម្តង។

សូមជម្រាបថា Xiaomi បានបោះទុនវិនិយោគរថយន្តផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅក្នុងទីក្រុងប៉េកាំង លើផ្ទៃដីសរុបចំនួន ៧២០,០០០ម៉ែត្រការ៉េ ដែលរោងចក្រនេះមានលទ្ធភាពក្នុងការផលិតរថយន្តដំណាក់កាលដំបូងបានចំនួន ១៥ម៉ឺនគ្រឿង ប៉ុន្តែ ដោយមានសន្ទុះតម្រូវការខ្លាំងមកលើរថយន្តរបស់ខ្លួន ក្នុងពេលនេះក្រុមហ៊ុនគ្រោងធ្វើការពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀត ក្នុងពេលខាងមុខនេះ ដែលអាចបង្កើនបរិមាណផលិតបានដល់ ៣០ម៉ឺនគ្រឿងនៅក្នុងមួយឆ្នាំ៕