(បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុន នាពេលថ្មីមានរបាយការណ៍ថ្មីមួយបង្ហាញថា អេក្រង់ពន្លឺសម្រាប់ iPhone 16 Pro និង iPhone 16 Pro Max គឺភ្លឺជាង iPhone 15 Pro បច្ចុប្បន្នប្រមាណ២០%ឯណោះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Forbes។

យោងតាមប្រភពបែកធ្លាយពី Weibo Instant Digital បានឲ្យដឹងថា ទូរស័ព្ទ iPhone 16 Pro និង Pro Max នឹងមានអេក្រង់ដែលមានពន្លឺភ្លឺខ្លាំងបំផុតដល់ ១,២០០ nits ក្នុងការប្រើប្រាស់ធម្មតា បើធៀបនឹង ១,០០០ ដែលមាននៅលើ iPhone 15 Pro បច្ចប្បន្ន។ iPhone 15 Pro ក៏ផ្តល់នូវកម្រិតពន្លឺខ្ពស់បំផុត ១,៦០០nits សម្រាប់មាតិកា HDR ហើយវាក៏ត្រូវបានគេរំពឹងថា ម៉ូដែលបន្ទាប់ នឹងត្រូវគ្នាជាមួយពន្លឺ HDR នេះ។

គួរជម្រាបថា ក្រៅពីកម្រិតពន្លឺនេះ iPhone 16 ឆ្នាំ២០២៤នេះ ក៏ត្រូវបានគេដឹងថា នឹងចេញមកជាមួយ ទំហំអេក្រង់ធំជាងជំនាន់មុនប្រមាណ 0.2-inch ដោយ iPhone 16 Pro នឹងមានអេក្រង់ធំឡើងដល់ 6.3-inch និង iPhone 16 Pro Max នឹងមានអេក្រង់ធំឡើងដល់ 6.9-inch ជាមួយការឌីស្សាញ Dynamic Island តូចជាងមុន ជាមួយគែមអេក្រង់តូចស្តើងជាងមុនផងដែរ៕