(មីឡាន)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud នឹងចូលរួមជាមួយក្លិប Los Angeles FC លេងនៅលីគអាមេរិក Major League Soccer នៅពេលចប់រដូវកាលនេះ បន្ទាប់ពីលេង ៣ឆ្នាំនៅអ៉ីតាលី AC Milan។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

Giroud វ័យ ៣៧ឆ្នាំ បានចុះកិច្ចសន្យា លេងឱ្យ LAFC រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងជម្រើសបន្តរហូតដល់ឆ្នាំ២០២៦ ផងដែរ។ នេះបើតាមក្លិបលេងនៅលីគ MLS បានឱ្យដឹងនៅថ្ងៃអង្គារ។

អតីតខ្សែប្រយុទ្ធក្លិប Arsenal និង Chelsea រូបនេះ បានជួយ Milan ឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលដំបូងរបស់លោក ដោយរកបាន ១១គ្រាប់ក្នុងលីគ។

លោកបានទទួលការកោះហៅ ១៣១លើក លេងឱ្យក្រុមជម្រើសជាតិបារាំង ដោយរកគ្រាប់បាល់បាន៥៧គ្រាប់ និងជាផ្នែកមួយនៃក្រុម ដែលបានលើកពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដែរ។

Giroud បានបង្ហាញខ្លួន ៣៣លើក សម្រាប់ក្លិប Milan ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២ ក្នុងលីគនារដូវកាលនេះ និងរកបាន ១៤គ្រាប់។ Milan នឹងធ្វើដំណើរទៅជួបក្លិប Torino នៅថ្ងៃសៅរ៍សប្តាហ៍នេះ និងបញ្ចប់យុទ្ធនាការរបស់ពួកគេ ដោយការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Salernitana នៅថ្ងៃទី២៦ ខែឧសភា៕