(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានជូនដំណឹងទៅកាន់រដ្ឋាភិបាលអាមេរិកថាខ្លួន គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ៦០០នាក់បន្ថែមទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ខណៈការជូនដំណឹងនេះ គឺជាផ្នែកមួយនៃរលកកាត់បន្ថយការងារកាន់តែខ្លាំងឡើងដែលផ្តួចផ្តើមដោយក្រុមហ៊ុន Tesla នៅលើខ្នាតពិភពលោក ដែលបានចាប់ផ្តើមប្រហែលមួយខែមុន ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃការលក់ និងការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

នាយកប្រតិបត្តិ (CEO) លោក Elon Musk បានប្រកាសនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ថា Tesla នឹងបញ្ឈប់ការងារជាង ១០ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ដែលមានចំនួនជាង ១៤០,០០០នាក់គិតត្រឹមចុងឆ្នាំ ២០២៣។ តាំងពីពេលនោះមក Tesla បានធ្វើការកាត់បន្ថយការងារជាច្រើនលើក ខណៈដែល Musk ចង់កាត់បន្ថយចំនួន ២០ភាគយនៃចំនួនបុគ្គលិកសរុបរបស់ខ្លួន នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងទៀតថា ផែនការបញ្ឈប់បុគ្គលិកចុងក្រោយនេះ នឹងប៉ះពាល់ដល់បុគ្គលិកនៅរោងចក្រ Tesla នៅ Palo Alto និង Fremont រដ្ឋកាលីហ្វ័រញ៉ា ហើយការបញ្ឈប់នឹងចាប់ផ្តើមក្នុងអំឡុងពេល១៤ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ តទៅ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Tesla ធ្លាប់បានលាតត្រដាងកាលពីខែមុនថា ខ្លួននឹងបញ្ឈប់បុគ្គលិករហូតដល់ ៦,០២០ នាក់នៅរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់ បន្ថែមទៀត ដើម្បីកាត់បន្ថយចំណាយទូទាំងក្រុមហ៊ុន។

គួរជម្រាបថា ការកាត់បន្ថយបុគ្គលិកជាសាកលនេះ ក៏រួមបញ្ចូលបុគ្គលិកប្រមាណ ២៨៥នាក់ផ្សេងទៀតនៅរោងចក្រ Buffalo ទីក្រុងញូវយ៉កផងដែល ហើយត្រូវបានគេមើលឃើញថា នឹងប៉ះពាល់ដល់បុគ្គលិកស្ថិតនៅផ្នែក Autopilot driver និងផ្នែកផលិតឧបករណ៍សាកថ្មរថយន្តអគ្គិសនី fast charge ផងដែរ៕