(មេនឆេស្ទឺ)៖ ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានលើកឡើងថា លោកចង់បន្តលេងនៅទីនេះទៀត ប្រសិនបើក្លិបលេងនៅលីគ​ Premier League ត្រូវការរូបលោក ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងផ្លាស់ចេញពីក្លិបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពីរដូវកាលលទ្ធផលមិនល្អ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

«ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports។

Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លិប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត លើកិច្ចសន្យារបស់លោក ប៉ុន្តែមានព័ត៌មានថា នៅរដូវក្តៅលោកនឹងផ្លាស់ទៅលេងនៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich ឬក៏អតីតម្ចាស់ពានរង្វាន់ជើងឯកអ៉ីតាលី Inter Milan។

United បានចាញ់ ១៤លើក ក្នុងលីគនារដូវកាលនេះ ជាទម្រង់ប្រកួតដ៏អាក្រក់បំផុតរបស់ពួកគេ គិតចាប់តាំងពីការចាប់ផ្តើម Premier League។ ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង។

​ជាមួយគ្នានោះ អ្នកចាត់ការក្លិប United លោក Erik ten Hag ដែលអនាគតរបស់លោកនៅក្លិបមួយនេះ មិនមានភាពប្រាកដប្រជានោះ បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ ក្លិបចង់រក្សា Bruno។ វាមិនមានសំណួរនោះទេ ខ្ញុំគិតដូច្នេះ»។

សូមជម្រាបថា United នឹងបញ្ចប់យុទ្ធនាការលីគរបស់ពួកគេ ជាមួយនឹងការធ្វើដំណើរទៅជួបក្លិបចំណាត់ថ្នាក់ទី១០ Brighton & Hove Albion នៅថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់មកគឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹងក្លិប Manchester City នៅកីឡដ្ឋាន Wembley នាថ្ងៃទី២៥ ខែឧសភា៕