(មេនឆេស្ទឺ)៖ អ្នកចាំទីក្លិប Manchester City កីឡាករ Ederson នឹងអវត្តមាន ២២ប្រកួតចុងក្រោយនៃរដូវកាលនេះ ក្នុងនោះរួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ ដោយសារតែបាក់ឆ្អឹងតូចមួយនៃរន្ធភ្នែករបស់លោក។ នេះបើយោងតាមក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

Ederson បានរងរបួសកាលពីថ្ងៃអង្គារ ក្នុងការប្រកួតក្រៅទឹកដី ទល់នឹងក្លិប Tottenham Hotspur នៅក្នុងការប៉ះទង្គិចគ្នាជាមួយខ្សែការពារ Cristian Romero ក្នុងតង់ទី២ នៃជ័យជម្នះ ២-០ របស់ក្លិប City។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវការការព្យាបាលរយៈពេលយូរនៅលើទីលាន ហើយមើលទៅមានសភាពធ្ងន់ធ្ងរ មុនពេលអ្នកចាត់ការ Pep Guardiola ដូរលោកចេញដាក់ជំនួសវិញដោយកីឡាករ Stefan Ortega។

ក្លិបនាំមុខគេក្នុងលីគកំពូលអង់គ្លេស City នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ West Ham United នៅថ្ងៃអាទិត្យសប្តាហ៍នេះ មុនពេលប៉ះក្លិប Manchester United ក្នុងលីគ FA Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥ ខែឧសភាខាងមុខ៕