(ឡុងដ៍)៖ ក្រុមបាល់ទាត់ Leeds United បានឡើងទៅចាំមុនទីផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមកៅអីឡើងទៅលេងក្នុងលីគ Premier League របស់អង់គ្លេសវិញនារដូវកាលក្រោយ បន្ទាប់ពីទម្លាក់គូប្រជែង Norwich City ៤-០ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Leeds ត្រូវរង់ចាំរវាងក្រុមឈ្នះ Southampton ឬក៏ West Bromwich Albion ដែលត្រូវលេងបញ្ចប់ជើងទី២ នារាត្រីនេះ នៃវគ្គជម្រុះពីក្នុងក្របខណ្ឌទី២ Championship 2023-2024។

ពួកគេធ្វើបានយ៉ាងល្អក្នុងការលេងជើងទី២ ក្នុងកីឡដ្ឋាន Elland Road របស់ខ្លួន តាមរយៈបំបាក់គូប្រជែងចាបក្រុង Norwich ៤ទល់នឹង០ មិនឱ្យតដៃរួច ក្នុងនាមជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដល់លេខ៦ ពីតារាង Championship នៅពេលបញ្ចប់រដូវកាលនេះ។ Leeds ត្រូវរង់ចាំ ៩ថ្ងៃបន្ថែមទៀតផងដែរ ពោលគឺនៅថ្ងៃទី២៦ ខែឧសភា ដើម្បីលេងផ្តាច់ព្រ័ត្រនៅកីឡដ្ឋានជាតិ Wembley ក្នុងដំណើរឆ្ពោះទៅដណ្តើមកៅអីឡើងមក Premier League នារដូវកាលឆ្នាំ២០២៤-២០២៥ ខាងមុខ។

Leeds ដែលបានធ្លាក់ចេញពីលីគកំពូលអង់គ្លេសរដូវកាលមុន ធ្លាប់មានប្រវត្តិលេងមិនឈ្នះឡើយ ក្នុងចំណោមលេងជម្រុះ ៥សម័យកាល ក៏ប៉ុន្តែតាមរយៈទម្រង់លេងនាពេលនេះ អាចជាឱកាសសម្រាប់ពួកគេ ក្នុងការរួមដំណើរទៅបំពេញកៅអីនៅ Premier League ជាមួយ Leicester City និង Ipswich Town ដែលបានឈ្នះកៅអីស្វ័យប្រវត្តិ៕