(បរទេស)៖ និយតករសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា នឹងបើកការស៉ើបអង្កេតលើក្រុមហ៊ុន Meta មេធំរបស់បណ្តាញសង្គម Facebook និង Instagram ជុំវិញករណីសង្ស័យបំពានច្បាប់មាតិកាអនឡាញរបស់សហភាពអឺរ៉ុបទាក់ទងនឹងសុវត្ថិភាពកុមារ។ វិធានការនះទៀតសោត អាចនឹងនាំឱ្យមានការផាកពិន័យជាចំនួនទឹកប្រាក់យ៉ាងច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុនបច្ចេកវិទ្យានេះ តម្រូវឱ្យធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយខ្លឹមសារខុសច្បាប់ និងបង្កគ្រោះថ្នាក់នៅលើវេទិការបស់ខ្លួន ក្រោមច្បាប់ស្តីពីសេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុបបានប្រកាសថា ខ្លួនបានសម្រេចចិត្តបើកការស៊ើបអង្កេតស៊ីជម្រៅលើ Facebook និង Instagram ដោយសារតែការព្រួយបារម្ភថា ក្រុមហ៊ុននេះ មិនបានដោះស្រាយករណីហានិភ័យនានា ឱ្យបានគ្រប់គ្រាន់ចំពោះកុមារ ខណៈ Meta បានដាក់របាយការណ៍ពីការវាយតម្លៃហានិភ័យរបស់ខ្លួនក្នុងខែកញ្ញាកាលពីឆ្នាំមុន។

ជុំវិញព័ត៌មាននេះ ក្រុមហ៊ុន Meta បានប្រកាសថា ខ្លួនមានវិធីជាច្រើន ព្រមទាំងបានធ្វើរួចមកហើយ ដើម្បីការពារកុមារ។ អ្នកនាំពាក្យ Meta បាននិយាយថា «យើងចង់ឱ្យមនុស្សវ័យក្មេងមានបទពិសោធន៍ដោយសុវត្ថិភាព និងសមស្របតាមអាយុលេងអ៊ីនធឺណិត ហើយបានចំណាយពេលមួយទសវត្សរ៍ ដើម្បីបង្កើតឧបករណ៍តាមដានសុវត្ថិភាព និងគោលនយោបាយជាង ៥០ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារកុមារ»