(បរទេស)៖ តារាបាល់ទាត់ Cristiano Ronaldo បានហក់ឡើងទៅឈរទីកំពូលតារាង ក្នុងនាមអត្តពលិករកបានចំណូលច្រើនជាងគេក្នុងរយៈពេល ១ឆ្នាំនៃតារាង Forbes។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ BBC នៅថ្ងៃនេះ។

ក្នុងរបាយការណ៍របស់ទស្សនាវដ្តីពាណិជ្ជកម្មខាងលើនេះបានបង្ហាញថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo វ័យ ៣៩ឆ្នាំ រកចំណូលបាន ២៦០លានដុល្លារច្រើនជាងគេ ក្នុងរយៈពេល ១២ខែមកនេះ ស្របពេលគូប្រជែងដែលប្រកបអាជីពលើវាលស្មៅដូចគ្នាគឺ Lionel Messi បានធ្លាក់មកឈរនៅលេខ៣ តាមពីក្រោយ Rahm វិញ។

កីឡាករវាយកូនហ្គោល សញ្ជាតិអេស្ប៉ាញ Rahm បានហក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងអ្នករកបានចំណូលច្រើន តាមរយៈចុះកិច្ចព្រមព្រៀងជាមួយ LIV Golf របស់អារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេរាយការណ៍មកថា រកបានចំណូលសរុប ២១៨លានដុល្លារ គិតត្រឹម ១២ខែ។

ជាមួយគ្នានោះតារាបាល់ទាត់ឆ្នើមកម្រិតពិភពលោកផ្សេងទៀតរួមមាន Karim Benzema និង Neymar ក៏ស្ថិតក្នុងបណ្តាអត្តពលិករកបានចំណូលច្រើន ក្នុងចំណោមទាំង ១០នាក់ផងដែរមានដូចខាងក្រោម គិតជាលានដុល្លារ៖

១៖ Cristiano Ronaldo (បាល់ទាត់) រកបាន ២៦០
២៖ Jon Rahm (វាយកូនហ្គោល) រកបាន ២១៨
៣៖ Lionel Messi (បាល់ទាត់) រកបាន ១៣៥
៤៖ LeBron James (បាល់បោះ) រកបាន ១២៨.២
៥៖ Gianni Antetounmpo (បាល់បោះ) រកបាន ១១១
៦៖ Kylian Mbappe (បាល់ទាត់) រកបាន ១១០
៧៖ Neymar (បាល់ទាត់) រកបាន ១០៨
៨៖ Karim Benzema (បាល់ទាត់) រកបាន ១០៦
៩៖ Stephen Curry (បាល់បោះ) រកបាន ១០២
១០៖ Lamar Jackson (បាល់ទាត់អាមេរិក) រកបាន ១០០.៥៕