(បរទេស)៖ ក្រុមហ៊ុន Dell បានប្រកាសពីការកើនឡើងភាគហ៊ុន ច្រើនជាង១១% កាលពីថ្ងៃពុធកន្លងទៅនេះ ដល់កម្រិតខ្ពស់គ្រប់ពេលវេលា បន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Morgan Stanley បានដំឡើងការព្យាករណ៍ថា ក្រុមហ៊ុន Dell នឹងកើនឡើងការលក់ម៉ាស៊ីនមេបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

ក្រុមហ៊ុន Dell កំពុងតែមើលឃើញពីសន្ទុះកើនឡើង ជាពិសេសក្នុងការយកឈ្នះលើអាជីវកម្មបង្កើតម៉ាស៊ីនមេ AI ។ នេះបើតាម លោក Erik Woodring អ្នកវិភាគ Morgan Stanley បានសរសេរនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃពុធកន្លងទៅ។ លោក បានព្យាករណ៍ដោយដំឡើងតម្លៃភាគហ៊ុន Dell ពី ១២៨ដុល្លារក្នុងមួយហ៊ុនទៅ ១៥២ដុល្លារក្នុងមួយហ៊ុន ហើយបានហៅវាថា «ជាជម្រើសកំពូល»។ ភាគហ៊ុនរបស់ក្រុមហ៊ុន Dell ឥឡូវនេះ បានកើនឡើងជាង ៩៩% នៅក្នុងឆ្នាំ២០២៤ ដោយតាមពីក្រោយការកើនឡើងរហូតដល់ ២៣៣% របស់គូប្រជែងផ្នែកផលិតមេស៉ីនមេ AI ដូចគ្នា គឺក្រុមហ៊ុន Super Micro Computer។

គួរជម្រាបថា ម៉ាស៊ីនមេ AI ភាគច្រើនត្រូវបានបង្កើតឡើងដោយប្រើប្រាស់បន្ទះឈីបរបស់ Nvidia។ នេះជាកត្តាមួយ ធ្វើឲ្យ Nvidia មានតម្លៃយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយសារតែបន្ទះឈីបពីក្រុមហ៊ុននេះ ត្រូវបានប្រើ ដើម្បីដាក់ពង្រាយម៉ូដែល AI កម្រិតខ្ពស់ ដូចជា AI របស់ក្រុមហ៊ុន Google, OpenAI និង Meta ជាដើម។ ក្រុមហ៊ុន Dell បានលក់ម៉ាស៊ីនមេ AI ដោយប្រើបន្ទះឈីប Nvidia ថ្មីបំផុត រួមទាំង H100 GPU របស់វា និងបន្ទះឈីប Blackwell-generation ចុងក្រោយបង្អស់ទៅឲ្យក្រុមហ៊ុនទាំងនេះ៕