(ភ្នំពេញ)៖ ក្រុមហ៊ុន Mitsu (Cambodia) បានសម្ពោធរថយន្ត The All-New Mitsubishi XForce ស៊េរីឆ្នាំ 2025 ជាផ្លូវការ នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបជាមួយការទន្ទឹងរង់ចាំរបស់អតិថិជន ដែលបានរងចាំអស់រយៈពេលជាយូរ នូវវត្តមានរថយន្តនេះ មកកាន់ទីផ្សារប្រទេសកម្ពុជា។

ពិធីសម្ពោធនេះ ធ្វើឡើង ក្រោមអធិបតីភាពវត្តមានដ៏ខ្ពង់ខ្ពស់ពី លោក Sombat Somboon Terdtana នាយកគ្របគ្រងនៃក្រុមហ៊ុន Mitsu (Cambodia), លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសកលវិទ្យាល័យប៊ែលធី និងជាអគ្គនាយករងនៃក្រុមហ៊ុន ប៊ែលធីគ្រុបព្រមទាំងដៃគូសហការណ៍ រួមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ពីបុគ្គលិកនៃក្រុមហ៊ុន Mitsu (Cambodia) ភ្ញៀវកិត្តិយស អ្នកបង្កើតមាតុកា និងមិត្តអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។

រថយន្ត The All-New Mitsubishi XForce 2025 ដែលបាននាំចូលមកក្នុងទីផ្សារបស់កម្ពុជានេះមានតម្លៃ ៣៩០០០ដុល្លារ។

លោក ហ៊ូ សុផាន់ណា នាយករងគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Mitsu (Cambodia) បានថ្លែងថា ការមកដល់របស់រថយន្ត Mitsubishi XForce 2025 នេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ជាពិសេសអតិថិជនដែលនិយម Compact SUV ដោយសារតែ រថយន្តម៉ូដែល Xforce ថ្មីនេះ បានរចនាទាំងរូបរាងខាងក្រៅ រូបរាងខាងក្នុង ម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម និងមានបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែទំនើប។

ជាមួយគ្នានេះ The All-New Mitsubishi XForce បានអមជាមួយនឹងការរចនាចង្កៀងមុខដ៏ស្រស់ស្អាត និងបានឌីហ្សាញស្ថាបត្យកម្មគ្រោងឆ្អឹងក្បាលឡានបែប Advance Dynamic Shield Design ដែលមានភាពស្រស់ស្អាតទាក់ទាញ ជាពិសេសសមត្ថភាពកាត់បន្ថយគ្រោះថ្នាក់បានច្រើនបំផុតពីការបុកប៉ះ ដែលធ្វើឱ្យរថយន្តប្រភេទនេះ កាន់តែរឹងមាំ និងមានភាពអំណាចថែមទៀត។

ជាពិសេសទៅទៀត The All-New Mitsubishi XForce បានធ្វើការឌីហ្សាញខាងក្នុងថ្មីស្រឡាង បែបទំនើប ស្រឡះភ្នែក ធ្វើឲ្យការបើកបរកាន់តែងាយស្រួលមើលឃើញទិដ្ឋភាពជុំវិញរថយន្ត ជំនួយដោយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជាអេក្រង់ថាច់ ១២.៣ អ៊ីញ កុងទ័រឌីជីថល ១៨អ៊ីញ គ្រវាសជើងបើកឃ្លប់ក្រោយ ប្រព័ន្ធ Smart Key ហ្រ្វាំងដៃអេឡិចត្រូនិក មុខងារ Auto Hold ដែលជួយជាន់ហ្រ្វាំងឡានដោយស្វ័យប្រវត្តិនៅពេលបើកបរលើផ្លូវស្ទះ និងមុខងារសុវត្ថិភាពជាច្រើនទៀត។

គួររំលឹកផងដែរថា ក្រុមហ៊ុន Mitsu (Cambodia) ជាក្រុមហ៊ុនចែកចាយផ្លូវការរថយន្ត Mitsubishi ដែលជារថយន្តម៉ាកជប៉ុន ដែលអតិថិជនតែងតែទទួលស្គាល់ថាធន់ រឹងមាំ មិនងាយខូច ជាពិសេសចំពោះម៉ាស៊ីន និងប្រព័ន្ធគ្រឿងក្រោម។ ក្រៅពីរថយន្ត Xforce ក្រុមហ៊ុន Mitsu Cambodia ក៏កំពុងចែកចាយរថយន្តម៉ូដែលផ្សេងទៀតដូចជា Xpander, Xpander Cross, Triton និង Pajero Sport ផងដែរ៕