(ភ្នំពេញ)៖ ផលិតផល «Made in Cambodia» នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាត្រូវបានទទួលស្គាល់គុណភាព និងស្តង់ដារនៃផលិតផលលំដាប់ពិភពលោក តាមរយៈការទួលបានមេដាយមាស Monde Selection ជាហូរហែ។

Monde Selection គឺជាស្ថាប័នអន្តរជាតិវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើគុណភាព ស្តង់ដារ និងការវេចខ្ចប់នៃផលិតផលស្រាបៀរ និងភេសជ្ជៈដ៏ធំមួយនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈមកពីគ្រប់ទិសទីបាននាំយកផលិតផលរបស់ខ្លួនមកធ្វើការវាយតម្លៃ ក្នុងនោះក៏មានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ។

ក្នុងនាមជាក្រុមហ៊ុន ដែលបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% ខ្មែរ ប៊ែវើរីជីស មិនខ្លាចក្នុងការនាំយកផលិតផលស្រាបៀរ និងភេសជ្ជៈ «Made in Cambodia» របស់ខ្លួនទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញថា ខ្មែរយើងខ្លាំង ខ្មែរយើងអាចធ្វើបាននូវអ្វីដែលពិភពលោកកំពុងតែធ្វើដូចគ្នា មិនថាទៅលើគុណភាពឬស្តង់ដារនៃផលិតផល។

ជាសក្ខីភាព ក្នុងការបញ្ជាក់ថាផលិតផល «Made in Cambodia» ពិតជាមានគុណភាព និងស្តង់ដារលំដាប់ពិភពលោក ផលិតផល របស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស Monde Selection រហូតដល់ទៅ ៣៧គ្រឿង ជាចំនួនមួយដែលច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ការទទួលបាននេះ គឺមិនមែនជារឿងចៃដន្យនោះទេ វាគឺជាការទទួលបានដោយផ្អែកទៅលើគុណភាព ស្តង់ដារនៃផលិតផល តាមរយៈការប្រើប្រាស់គ្រឿងផ្សំល្អបំផុតមកពីសហគមន៍អឺរ៉ុប គ្រឿងចក្រដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយមកពីអាល្លឺម៉ង់ និងការអនុលោមទៅតាមគោលការស្តង់ដារជាតិ និងអន្តរជាតិ ហើយការទទួលបាននេះក៏ជាមោទកភាពមួយសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយើងផងដែរ។

សូមគូសបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក Made in Cambodia ដែលទទួលស្គាល់គុណភាព និងមេដាយពីស្ថាប័នអន្តរជាតិច្រើនជាងគេនៅកម្ពុជា ដោយក្នុងនោះរួមមានទាំងវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001, ពានរង្វាន់គ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក World-class Operations Management និងមេដាយមាស Monde Selection សរុប ៣៧គ្រឿងហើយមកដល់ថ្ងៃនេះ៕