(ឡុងដ៍)៖ លោក Arne Slot អ្នកចាត់ការក្លិបហូឡង់ Feyenoord បានអះអាងថា លោកនឹងក្លាយជាអ្នកចាត់ការក្លិប Liverpool នៅរដូវកាលក្រោយ បន្ទាប់ពីលោក Jurgen Klopp ចាកចេញពេលចប់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

Liverpool មិនទាន់បានបញ្ជាក់ពីអ្នកជំនួសលោក Klopp នៅឡើយនោះទេ ជាមួយនឹងអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នេះ នឹងចាកចេញ បន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលនេះ ទល់នឹង Wolverhampton Wanderers នៅថ្ងៃអាទិត្យស្អែកនេះ។

«ខ្ញុំអាចអះអាងថា ខ្ញុំនឹងក្លាយជាគ្រូបង្វឹក នៅទីនោះនារដូវកាលក្រោយ»។ លោក Slot បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ។

ជាមួយគ្នានោះ Feyenoord បានបញ្ជាក់ពីការចាកចេញរបស់លោក Slot តាមរយៈការបង្ហោះលើប្រព័ន្ធទំនាក់ទំនង X ថា «សម័យកាលរបស់លោក Arne Slot បាននឹងកំពុងឈានដល់ទីបញ្ចប់។ រីករាយជាមួយនឹងពេលវេលាចុងក្រោយ»

​សូមជម្រាបថា លោក Slot ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Feyenoord ក្នុងឆ្នាំ២០២១ និងបានឈ្នះពានរង្វាន់លីគកំពូលហូឡង់ Eredivisie ក្នុងរដូវកាល២០២២-២៣ និងពានរង្វាន់ KNVB ក្នុងរដូវកាលនេះ។ លោក ក៏បានដឹកនាំក្លិបឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa Conference League ក្នុងរដូវកាលដំបូងរបស់លោកផងដែរ។

លោក Klopp បានប្រកាសកាលពីខែមករាថា លោកនឹងចាកចេញពីក្លិប Liverpool នៅពេលចប់រដូវកាលនេះ៕