(ឡុងដ៍)៖ ខ្សែការពារ Joel Matip និងខ្សែបម្រើ Thiago Alcantara នឹងចាកចេញពីក្លិប Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

Matip ដែលបានចូលរួមជាមួយ Liverpool លើកិច្ចព្រមព្រៀងផ្ទេរដោយឥតបង់ថ្លៃ ពីក្លិបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ២០១៦ នោះបានបង្ហាញខ្លួន ២០១លើក។

កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានលើកពានរង្វាន់ Champions League ជាមួយហង្សក្រហម ក្នុងឆ្នាំ២០១៩ និងឈ្នះពានរង្វាន់ Premier League ថែមទៀត ១ឆ្នាំបន្ទាប់។

Matip បានរហែកសរសៃចងជង្គង់ (ACL) កាលពីខែធ្នូ ដែលបណ្តាលឱ្យលោកត្រូវអវត្តមាន រយៈពេលដែលនៅដល់ក្នុងរដូវកាលនេះ។

​ដោយឡែក Thiago ដែលបានចូលរួមជាមួយ Liverpool ក្រោយផ្លាស់មកពីក្លិប Bayern Munich ក្នុងតម្លៃខ្លួន ២៥លានផោន (៣១.៦៣លានដុល្លារ) ក្នុងឆ្នាំ២០២០ នោះបានបង្ហាញខ្លួន ៩៨លើក។ លោកបានឈ្នះពានរង្វាន់ FA Cup ជាមួយ Liverpool ក្នុងឆ្នាំ២០២២។

បញ្ហារបួសបានបណ្តាលឱ្យកីឡាករវ័យ ៣៣ឆ្នាំរូបនេះ បង្ហាញខ្លួនត្រឹមតែ ២៨លើកប៉ុណ្ណោះ ក្នុងរដូវកាល២០២២-២៣ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវអវត្តមានស្ទើរតែពេញមួយយុទ្ធនាការ២០២៣-២៤ ដោយសាររបួសត្រគាក និងសាច់ដុំ៕