(ភ្នំពេញ)៖ ដើម្បីអបអរសាទរការឈ្នះពាន២ ក្នុង ១រដូវកាល គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងជើងឯកលីគកំពូលកម្ពុជា (CPL) ឆ្នាំ២០២៣-២០២៤ នាល្ងាចថ្ងៃទី១៧ ខែឧសភាម្សិលមិញ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីដង្ហែពានទាំងពីរ នៅក្រុងស្វាយរៀង ដោយមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីចូលរួមអបអរសាទរជាមួយជ័យជម្នះជាប្រវត្តិសាស្ដ្រនេះ។

ពិធីដង្ហែដែលចេញដំណើរពីកីឡដ្ឋានខេត្តស្វាយរៀងនេះ បានឆ្លងកាត់ផ្លូវ និងទីតាំងសំខាន់ៗជាច្រើន មុនបញ្ចប់នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។ ជាមួយក្បួនដង្ហែពានធំៗទាំងពីរប្រចាំប្រទេសនេះ គេឃើញមានប្រជាពលរដ្ឋ និងយុវជនជាច្រើន ទាំងអ្នកខេត្តស្វាយរៀងផ្ទាល់ ខ្លះធ្វើដំណើរពីរាជធានីភ្នំពេញ ដែលជាអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង បានចូលរួមដង្ហែផង និងឈរអមផ្លូវ ដើម្បីអបអរសាទរផង។

ទិដ្ឋភាពនេះ ត្រូវបានមហាជន ពិសេសអ្នកនិយមគាំទ្រវិស័យកីឡាបាល់ទាត់ មានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតអ្នកខ្លះពោលថា ធ្លាប់តែឃើញទិដ្ឋភាពបែបនេះនៅក្រៅប្រទេស ក៏ដូចជានៅអឺរ៉ុប តែឥឡូវបានឃើញក្លិបបាល់ទាត់កម្ពុជា រៀបចំនូវពិធីដង្ហែពានដ៏អស្ចារ្យបែបនេះ ហើយក៏សង្ឃឹមថា នៅរដូវកាលក្រោយៗ នឹងបន្ដឃើញទិដ្ឋភាពបែបនេះ សម្រាប់បណ្ដាសមាគម-ក្លិប ដែលគ្រងជើងឯកលីគ ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតផងដែរ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗនៃពិធីដង្ហែពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ ដែលក្លិបព្រះខ័នរាជស្វាយរៀង ទើបដណ្ដើមបានកាលពីថ្មីៗ៕