(បាសេឡូណា)៖ ថ្នាក់ដឹកនាំក្លិបបាល់ទាត់ FC Barcelona បានកំពុងពិចារណា ក្នុងការបញ្ចប់តំណែងលោក Xavi Hernandez ក្រោយពេលបុរសសញ្ជាតិអេស្ប៉ាញរូបនេះ និយាយពីបញ្ហាហិរញ្ញវត្ថុក្លិបរួចមក។ នេះបើយោងតាមការ ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Xavi បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ នៅមុនពេលលេងឈ្នះក្រុមម្ចាស់ផ្ទះ Almeria ក្នុងពាន La Liga ជុំវិញក្លិបនៅតំបន់ Catalan មួយនេះបានកំពុងតស៊ូជាមួយបញ្ហាហិរញ្ញវត្ថុនាពេលថ្មីៗនេះ ក្នុងការប្រជែងជើងឯកលីគអេស្ប៉ាញ ក៏ដូចជាបណ្តាក្រុមដទៃនៅអឺរ៉ុបទៀតផង។

លោកថា «ខ្ញុំគិតថា អ្នកគាំទ្រ Barca ត្រូវតែយល់ចំពោះបញ្ហា ដែលពិតជាលំបាកសម្រាប់ក្លិប។ ជាពិសេសគឺសេដ្ឋកិច្ចតែម្តងទល់នឹងក្រុមខ្លាំង Real Madrid ក៏ដូចជាក្រុមដទៃនៅអឺរ៉ុបផងដែរ ដែលពុំមានន័យថា ពួកយើងបោះបង់ការ ប្រកួតប្រជែងពានរង្វាន់ជាច្រើននោះទេ ដ្បិតស្ថានភាពនេះ Barcelona ត្រូវការពេលវេលា ដើម្បីស្តារស្ថានភាពមានលំនឹងមកវិញ»

ការមានមតិទាំងនេះរបស់អតីតខ្សែបម្រើអេស្ប៉ាញ Xavi ក្នុងសន្និសីទ វាបានធ្វើឱ្យថ្នាក់ដឹកនាំក្រុមអ្នកមានបុណ្យមិនពេញចិត្តជាខ្លាំង ដែលអាចឈានដល់ចែកផ្លូវគ្នាទៀត ក៏ថាបាន។

ទន្ទឹមគ្នានោះ លោក Rafael Marquez ដែលកំពុងដឹកនាំក្រុម Barcelona B ក៏មានចំណាប់អារម្មណ៍ ក្នុងការឡើងមកដឹកនាំក្រុមធំនេះដែរ៕