(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងបន្តធ្វើការវាយតម្លៃតាមផ្លូវច្បាប់ មុនឈានដល់ការសម្រេចចិត្តចុងក្រោយ ថាតើគួរព្យួរសហព័ន្ធបាល់ទាត់អ៊ីស្រាអែល តបតាមសំណើរបស់ប្រទេសប៉ាឡេស្ទីនដែរឬយ៉ាងណា ជុំវិញជម្លោះនៅតំបន់កាហ្សាបច្ចុប្បន្ន។

យោងតាមការចេញផ្សាយដោយគេហទំព័កីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា សហព័ន្ធបាល់ទាត់ប៉ាឡេស្ទីន (PFA) បានឱ្យមានការបោះឆ្នោត ក្នុងការដកបញ្ឈរជើងអ៊ីស្រាអែលជាបណ្តោះអាសន្ន នៅឯសមាជប្រចាំឆ្នាំលើកទី៧៤ របស់ FIFA ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃម្សិលមិញនេះ។

ក្នុងឱកាសនោះដែរ លោក Gianni Infantino ប្រធាន FIFA ក៏បានថ្លែងឱ្យដឹងដែរថា បញ្ហានេះគឺអាស្រ័យទៅលើការសម្រេចរបស់ក្រុមប្រឹក្សា FIFA តែប៉ុណ្ណោះ ដោយអនុលោមតាមច្បាប់ទៀតផង។

លោកបានបន្តថា រង្វាយតម្លៃតាមផ្លូវច្បាប់ជុំវិញការចោទប្រកាន់របស់ PFA នឹងត្រូវបានកត់ត្រាទុក មុនឈានដល់ការ សម្រេចរបស់ក្រុមប្រឹក្សាពិបាលក្នុងកិច្ចប្រជុំប្រតិបត្តិមួយរបស់ FIFA ដែលនឹងត្រូវធ្វើឡើងនាចុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។

លោក Infantino បានគូសបញ្ជាក់ថា «បាល់ទាត់មិនគួរ និងមិនគួរក្លាយជាចំណាប់ខ្មាំងរបស់នយោបានឡើយ ដែលកន្លងមកតែងតែនាំមកនូវម្លប់សន្តិភាព ជាប្រភពនៃក្តីសង្ឃឹម និងការជំរុញដ៏ល្អរបស់មនុស្សជាតិ ជាជាងការបែកបាក់»

គួរបញ្ជាក់ផងថា បញ្ហាសង្រ្គាមនៅតំបន់កាហ្សា (Gaza) ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធ Hamas ទៅលើអ៊ីស្រាអែលដែលបានធ្វើឱ្យមនុស្សជាច្រើនម៉ឺននាក់ស្លាប់បាត់បង់ជីវិត ដោយរហូតមកទល់ពេលនេះ ពុំទាន់បានបញ្ចប់នៅឡើយទេ៕