(បរទេស)៖ មានពាក្យចចាមអារ៉ាមមកថា ក្រុមហ៊ុន Apple គ្រោងបញ្ចេញ iPhone មានរាងស្តើងនៅឆ្នាំ២០២៥ ខាងមុខនេះ ដែលត្រូវបានគេរំពឹងថា វានឹងបង្ហាញខ្លួនជាមួយនឹងត្រកូល iPhone 17 ហើយវានឹងមានតម្លៃថ្លៃជាងបើធៀបនឹង iPhone Pro Max នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ruters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើតេស្តលើការរចនាផ្សេងៗគ្នាសម្រាប់ iPhone 17 ដែលមានឈ្មោះកូដ D23 ដែលអាចបំពាក់នូវប្រព័ន្ធដំណើរការ A19 ចុងក្រោយបង្អស់របស់ខ្លួន។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីពាក្យចចាមអារ៉ាមនេះ ក្រុមហ៊ុនយក្ស Apple មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

កំណែថ្មីនេះ បានគូសបញ្ជាក់ពីតម្រូវការរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើន iPhone ដែលជាផលិតផលដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុននេះ ខណៈដែលវាប្រកួតប្រជែងជាមួយនឹងដៃគូរប្រកួតប្រជែងដ៏ស្វិតស្វាញពីក្រុមហ៊ុន Honor និង Huawei នៅក្នុងប្រទេសចិន និង Samsung Electronics ទូទាំងពិភពលោក។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ International Data Corporation បានឱ្យដឹងថា Samsung មានចំណែកធំបំផុតនៃទីផ្សារស្មាតហ្វូនក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៤ ជាមួយនឹងចំនួន ២០.៨ភាគរយ បន្ទាប់មកចំណែកទីផ្សាររបស់ Apple មានចំនួន ១៧.៣ភាគរយ។ ដោយឡែកសម្រាប់ត្រីមាសទី២ នេះ ចំនួននៃការលក់ iPhone របស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១០.៥ភាគរយ មកនៅត្រឹម ៤៥.៩៦ពាន់លានដុល្លារប៉ុណ្ណោះ។

គួរជម្រាបថា នៅឆ្នាំ២០២៥ ខាងមុខនេះ Apple ក៏ត្រូវបានរាយការណ៍ដែលថា មានគម្រោងទម្លាក់ iPhone Plus ដែលជាម៉ូដែលមានតម្លៃសមរម្យរបស់ខ្លួន ហើយមានបំណងដាក់លក់ iPhone តម្លៃទាប ដែលជាអ្នកស្នងតំណែងពី iPhone SE ជំនួសវិញនៅនិទាឃរដូវខាងមុខនេះ៕