(ភ្នំពេញ)៖ ក្រុមហ៊ុន មេគង្គ អ៉ីវី ឯ.ក ដែលបង្កើតឡើងដោយកូនខ្មែរ ១០០% និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយម៉ូតូអគ្គិសនីដ៏ល្បីល្បាញម៉ាក ថេលជី (TAILG) នៅថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២៤នេះ បានសម្ពោធជាផ្លូវការហើយនៅកម្ពុជា ដែលព្រឹត្ដិការណ៍នេះបានរៀបចំឡើងនៅ The Premium Center Sen Sok ។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពរបស់លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, លោក ទិត វីរៈ ប្រធានក្រុមហ៊ុន Mekong EV Co., Ltd, លោក ឈិន យីងសេង អគ្គនាយករងក្រុមហ៊ុន ថេលជី គ្រុប និងជានាយកផ្នែកអាជីវកម្មអន្ដរជាតិ រួមទាំងវត្តមានពីថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ និងអាជីវកម្មនានា ដែលជាភ្ញៀវកិត្តិយស សរុបប្រមាណ៤០០នាក់។

លោក ទិត វីរៈ បានថ្លែងថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្ដក្នុងការនាំចូលផ្ដាច់មុខម៉ូតូអគ្គិសនី ថេលជី មកកម្ពុជា ដោយសារតែម៉ូតូនេះមានគុណភាពល្អ ជាមួយបច្ចេកវិទ្យាទំនើប សន្សំសំចៃខ្ពស់ ពិសេស
គឺស្របតាមនិន្នាការរបស់ពិភពលោកយើងទាំងមូល ងាកទៅរកមធ្យោបាយធ្វើដំណើរ ជាប្រភេទអគ្គិសនី ដែលជួយទាំងការសន្សំសំចៃ និងលើកកម្ពស់បរិស្ថានផងដែរ។ លោកបន្ដថា «សម្រាប់នៅកម្ពុជាយើងវិញ តម្រូវនៃការប្រើប្រាស់ម៉ូតូអគ្គិសនី ក៏កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផងដែរ»។

លើសពីនោះថេលជី (TAILG) ជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីគុណភាពខ្ពស់ មានរោងចក្រធំៗជាង១០ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នៅក្នុងប្រទេសចិន មានវត្តមានទូទាំងពិភពលោកជាមួយនឹងហាងលក់រាយជាង ៣៥,០០០ហាង ដែលកំពុងប្រតិបត្តិការនិងនាំចេញទៅកាន់ជាង ៩៦ប្រទេសនៅទូទាំងពិភពលោក។ ជាមួយនឹងមន្ទីរពិសោធន៍ CNAS ផ្ទាល់ខ្លួន ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលដោយខ្លួនឯង ដែលបានចុះប៉ាតង់ លើបច្ចេកវិទ្យារបស់ខ្លួនបានជាង ១,០០០ប៉ាតង់ ក្រុមហ៊ុនយក្សមួយនេះមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ១៥លានគ្រឿង ។

លោក ទិត វីរៈ បានបន្ដថា លក្ខណៈពិសេសរបស់ម៉ូតូអគ្គិសនី ថេលជី ជាប្រេនម៉ូតូអគ្គិសនីលំដាប់ពិភពលោក ជាម៉ូតូអគ្គិសនី ដែលផ្តោតលើគុណភាពជាចម្បង ផលិតឡើងយ៉ាងម៉ត់ចត់ សមស្របតាមស្តង់ដាអន្តរជាតិ ដែលធ្វើឱ្យម៉ូតូ ថេលជី ក្លាយជាទីពេញនិយម លើទីផ្សារអន្តរជាតិ ហើយលក់ដាច់យ៉ាងខ្លាំងនៅលើពិភពលោក។ ជាពិសេស ថេលជី ជាម៉ូតូអគ្គិសនី មានបច្ចេកវិទ្យាទំនើប ស៊ីវិល័យ ទាន់សម័យ និងសន្សំសំចៃខ្ពស់ ដែលរចនាឡើងយ៉ាងល្អប្រណិត ស្របតាមយុគ្គសម័យថ្មី ប្រើប្រាស់ដោយទំនុកចិត្ត ជិះម៉ូតូថេលជី មានអារម្មណ៍ថាស្រួល ស្មូត ហើយគ្មានសំឡេងរំខាន និងជួយបរិស្ថានបានស្អាត គ្មានជាតិពុល ជិះថេលជី ដើម្បីសុខភាពទាំងអស់គ្នា។

ក្រុមហ៊ុន មេគង្គ អ៉ីវី ឯ.ក ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា ។ក្រុមហ៊ុនមានក្តីរំពឹងពឹងយ៉ាងមុតមាំថា វត្តមានរបស់ ថេលជី នឹងបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយសេដ្ឋកិច្ចគ្រួសារ តាមរយៈការសន្សំសំចៃក្នុងមធ្យោបាយធ្វើដំណើរ ព្រមទាំងលើកកម្ពស់ដល់ការថែរក្សារបរិស្ថានឱ្យបានស្អាត តាមរយៈការប្រើប្រាស់ថាមពលបៃតង។

លោកអគ្គនាយក្រុមហ៊ុន ទិត វីរៈ បានថ្លែងបន្ដថា ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សារ ក្រុមហ៊ុន មេគង្គ អ៉ីវី ឯ.ក ក៏បានកំពុងស្វែងរកនូវដៃគូអាជីវកម្ម ដែលចាប់អារម្មណ៍ចូលរួមក្នុងការរីកចម្រើនជាមួយគ្នា និងក្លាយជាតំណាងចែកចាយនៅទូទាំង ២៥ខេត្តក្រុង។ ក្នុងនោះក្លាយជាតំណាងចែកចាយរបស់ ម៉ូតូអគ្គិសនីថេលជី និងទទួលបានការជួយប្រឹក្សាយោបល និងបណ្តុះបណ្តាល លើផ្នែកគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងការលក់ការរៀបចំ និងគ្រប់គ្រងហាងបច្ចេកទេសថែទាំ និងជួសជុលគ្រឿងបន្លាស់។

លោកបានលើកឡើងទៀតថា «ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារ Wing ដែលជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តរបស់ Mekong EV នោះ ភ្នាក់ងារចែកចាយ TAILG Cambodia ដែលទិញម៉ូតូអគ្គិសនីតាមរយៈវេទិកា Wing Market រហូតដល់ ៦ខែ នឹងទទួលបានអត្ថប្រយោជន៍ពិសេស គឺការទទួលបានកម្ចីអាជីវកម្មពីធនាគារ វីង ដោយមិនចាំបាច់មានវត្ថុបញ្ចាំ»។

តាមរយៈកិច្ចសហការនេះ អតិថិជនទូទៅអាចទទួលបានកម្ចីទិញម៉ូតូពីធនាគារវីង ដើម្បីទិញម៉ូតូអគ្គិសនី TAILG ពីក្រុមហ៊ុន Mekong EV។ ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥,០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាប អនុម័តឆាប់រហ័ស និងមិនត្រូវការវត្ថុបញ្ចាំ ឬអ្នកធានា។ អតិថិជនអាចស្នើសុំកម្ចីនេះ យ៉ាងងាយស្រួលនៅហាងចែកចាយ ម៉ូតូអគ្គិសនី ថេលជី ណាមួយ។

ក្នុងឱកាសសម្ពោធនេះដែរ លោក ឈិន យីងសេង អគ្គនាយករងក្រុមហ៊ុន ថេលជី គ្រុប និងជានាយកផ្នែកអាជីវកម្មអន្ដរជាតិ បានថ្លែងថា កម្ពុជាជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យ និងទេសភាពធម្មជាតិ ហើយមានក្រុមហ៊ុនរបស់កូនខ្មែរមួយ ដែលពោរពេញដោយចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងថាមពលបច្ចេកវិទ្យា ដែលបានគាត់បានប្ដេជ្ញាចិត្ដ ក្នុងការសហការរួមគ្នា ដើម្បីបង្កើតជាជោគវាសនាដ៏អស្ចារ្យ និងសម្រេចបានលទ្ធផលអាជីវកម្មប្រកបដោយផ្លែផ្កា នៅក្នុងទឹកដីនេះ។

លោកបន្ដថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសថា ក្រុមហ៊ុនថេលជីគ្រុប បានជ្រើសរើស ក្រុមហ៊ុន មេគង្គ ឯ.ក ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការនាំចូល និងចែកចាយយានយន្ដអគ្គិសនីថេលជី នៅកម្ពុជា។ យើងជឿជាក់ថា យានយន្ដអគ្គិសនី អាចនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ប្រជាជនកម្ពុជា ផ្ដល់នូវគុណភាពបច្ចេកវិទ្យា និងដំណោះស្រាយប្រកបដោយនិរន្ដភាព ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីបង្កើតនូវអនាគតនៃថាមពលបៃតង ដែលនឹងឱ្យបរិស្ថានស្រស់ស្អាតជាមួយគ្នា»។

ជាមួយគ្នានេះដែរ លោកបណ្ឌិត តាន់ មុន្នីវណ្ណ បានថ្លែងថា ចិន ជាប្រទេសមួយដែលពូកែផលិតយានយន្ដអគ្គិសនី ដែលបានចូលប្រកួតលើទីផ្សារអន្ដរជាតិ ហើយបច្ចុប្បន្ននេះនៅលើពិភពលោក ពិសេសនៅប្រទេសចិន អ្នកប្រើម៉ូតូអគ្គិសនី មិនក្រោម៨០%-៩០%នោះទេ ដោយសារតែនៅស្រុកគេ បានឱ្យតម្លៃធំបំផុតគឺ ការប្រើប្រាស់មធ្យោបាយ គឺជាការប្រើប្រាស់មធ្យោបាយ មិនមែនជាគ្រឿងលម្អ ដូច្នេះនៅកម្ពុជា មិនយូរនោះទេ ក៏នឹងប្រើប្រាស់ម៉ូតូអគ្គិសនីកាន់តែច្រើនទៅៗដូចប្រទេសបណ្ដាប្រទេសដទៃដែរ ។

ក្នុងឱកាសនោះលោកបណ្ឌិត ក៏បានជំរុញលើកទឹកចិត្ដដល់ក្រុមហ៊ុនទាំងពីរនេះ បន្ដពង្រីកកិច្ចសហការបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា៕