(ឡុងដ៍)៖ ខ្សែបម្រើ Mohamed Elneny នឹងចាកចេញពីក្លិបកាំភ្លើងធំ Arsenal នៅពេលចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល ៨ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីកីឡាករអន្តរជាតិអេហ្ស៊ីប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

Elneny បានចូលរួមជាមួយ Arsenal ដោយផ្លាស់មកពីក្លិបស្វីស FC Basel កាលឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន ៥លានផោន (៦លានដុល្លារ) និងបានបង្ហាញខ្លួន ១៦១លើក សម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុង London នេះ។

បញ្ហារបួសជង្គង់បានដាក់កំហិតឱ្យកីឡាករវ័យ ៣១ឆ្នាំរូបនេះ បង្ហាញខ្លួនត្រឹមតែ ៨លើកប៉ុណ្ណោះ ក្នុងរដូវកាល២០២២-២៣។ ដោយឡែកលោកបានបង្ហាញខ្លួន ៦លើក ក្នុងការប្រកួតទាំងអស់នាយុទ្ធនាការបច្ចុប្បន្ន របស់ក្លិប Arsenal។

Elneny មិនបានបញ្ជាក់ពីទីកន្លែងថ្មី ដែលលោកត្រូវទៅ បន្ទាប់ពីចាកចេញពីក្លិប Arsenal នោះទេ។

​លោកបានលើកឡើងថា លោកនឹងធ្វើការលាគ្នាទៅកាន់អ្នកគាំទ្រ នៅឯកីឡដ្ឋាន Emirates នាថ្ងៃអាទិត្យនេះ ខណៈក្លិប Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ទទួល Everton ជាការប្រកួតចុងក្រោយក្នុងលីគរបស់ពួកគេ៕