(ឡុងដ៍)៖ គ្រូបង្វឹកក្លិប Brighton & Hove Albion លោក Roberto De Zerbi នឹងចាកចេញពីក្លិប បន្ទាប់ពីការប្រកួតចុងក្រោយ នៃរដូវកាលនេះរបស់ពួកគេទល់នឹងក្លិប Manchester United។ នេះបើតាមការប្រកាសពីក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

De Zerbi បានចូលរួមជាមួយ Brighton ក្នុងខែកញ្ញា ឆ្នាំ២០២២​ នៅពេលដែលលោកបានជំនួសតំណែង លោក Graham Potter និងបានធ្វើឱ្យមានឥទ្ធិពលភ្លាមៗ នៅពេលដែលលោក ដឹកនាំក្លិបទទួលបានលទ្ធផលខ្ពស់បំផុតរបស់ពួកគេ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៅលីគកំពូលអង់គ្លេស និងជួយឱ្យក្លិបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រកួតក្នុងព្រឹត្តិការណ៍ European ជាលើកដំបូងរបស់ពួកគេដែរ។

ក្នុងរដូវកាលនេះ Brighton បានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយលីគ Europa League ប៉ុន្តែទទួលបានលទ្ធផលមិនល្អ ឡើយក្នុង Premier League ដោយពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ឆ្ពោះទៅកាន់ការប្រកួតថ្ងៃចុងក្រោយនៃរដូវកាលនេះនាថ្ងៃអាទិត្យនេះ៕