(ម៉ូនិច)៖ ក្រុមបាល់ទាត់ Bayer Leverkusen បានក្លាយជាជើងឯកលីគកំពូលអាល្លឹម៉ង់ Bundesliga រដូវកាលនេះ តាមរយៈលេង ៣៤ប្រកួតមិនចាញ់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ឆ្លងតាមការលេងសរុបមានដល់ទៅ ៣៤ប្រកួតក្នុងលីគនារដូវកាលនេះ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ Xabi Alonso លេងឈ្នះដល់ ២៨ប្រកួត និងស្មើតែ ៦លើកប៉ុណ្ណោះ កាត់ផ្តាច់ការឈ្នះពាន Bundesliga របស់ Bayern Munich ចំនួន ១១លើកជាប់ៗគ្នាមកដែរ។

ក្នុងការលេងបិទរដូវកាលឆ្នាំ២០២៣-២០២៤ នារាត្រីថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមមួយនេះក៏បានយកឈ្នះក្រុមភ្ញៀវ Augsburg ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន BayArena របស់ខ្លួនផងដែរ នៅមុនពេលប្រារព្ធពិធីអបអរពានលីគ Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប និងបានក្លាយជាក្លិបអាជីពរបស់អាល្លឺម៉ង់ដំបូងគេដែរ ដែលលេងពេញ ១រដូវកាលមិនចាញ់សូម្បី ១ប្រកួត។

ជាមួយគ្នានោះ Leverkusen ក៏បានបង្កើនកំណត់ត្រាលេង ៥១ប្រកួតគ្រប់កម្មវិធីមិនចាញ់ផងដែរ និងបានបំបែកកំណត់ត្រាដែលមានរយៈពេល ៥៩ឆ្នាំរបស់ UEFA មកហើយដែរ ដ្បិតនៅសល់ ២ប្រកួតក្នុងដៃផ្តាច់ព្រ័ត្រក្នុងពានលំដាប់ទី២ អាល្លឹម៉ង់ German Cup ទល់នឹង Kaiserslautern និងពានលំដាប់ទី២ អឺរ៉ុប Europa League ទល់នឹង Atalanta ដែរនាសប្តាហ៍ក្រោយ៕