(កូរ៉េខាងត្បូង)៖ អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប (Galaxy Navatra Group) អញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ សាន់មួន (Sun Moon University) នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra ធ្វើឡើងដើម្បីសិក្សាស្វែងយល់អំពីសាកលវិទ្យាល័យ Sun Moon និងកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យា ឌីជីថល (Digital) ព្រមទាំងបង្កើតកិច្ចសហការ លើវិស័យអប់រំផ្នែកបច្ចេកវិទ្យាឌីជីថលរវាងភាគីទាំងពីរ នាពេលអនាគត។

ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា ឡេង ប្រុស បានជម្រាបជូនគណៈប្រតិភូសាកលវិទ្យាល័យ Sun Moon អំពីក្រុមហ៊ុន Galaxy Navatra Group ដែលជាសាជីវកម្មដ៏ធំមួយវិនិយោគ ក្នុងពហុវិស័យនៅប្រទេសកម្ពុជា ដូចជា៖ វិស័យអចលនទ្រព្យ កម្សាន្ត ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្ម កសិកម្ម អប់រំ និងប្រព័ន្ធផ្សាយជាដើម។

ជាមួយគ្នានេះ លោក Seong Jea Moon សកលវិទ្យាធិការនៃសាកលវិទ្យាល័យ Sun Moon បានសម្តែងនូវការរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Sun Moon។

លោកក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra អំពីសាកលវិទ្យាល័យ Sun Moon ដែលជាសាកលវិទ្យាល័យដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូងក្នុងការបណ្ដុះបណ្ដាលលើវិស័យបច្ចេកវិទ្យា Digital កម្រិតឈានមុខមួយដែលមានអគារសិក្សាលើផ្ទៃដី ៤០ហិកតា មាននិស្សិតសិក្សាជាង ២ម៉ឺននាក់ ក្នុងនោះនិស្សិតបរទេសជាង ៥ពាន់នាក់ ហើយក៏មាននិស្សិតកម្ពុជាផងដែរ។

ក្នុងឱកាសនៃជំនួបទ្វេភាគីនេះដែរ ភាគីទាំងពីរ គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ សិក្សាលើវិស័យបច្ចេកវិទ្យា Digital ខណៈភាគីសាកលវិទ្យាល័យSUN MOON ត្រៀមនឹងអញ្ជើញមកបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់អ្នកឧកញ៉ា ឡេង ប្រុស នៅប្រទេសកម្ពជា នាពេលខាងមុខឆាប់ៗនេះផងដែរ៕