(ឡុងដ៍)៖ ខ្សែបម្រើវ័យក្មេងរបស់ក្លិប Manchester City គឺ Phil Foden ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អនៅ Premier League ប្រចាំរដូវកាលឆ្នាំ២០២៣-២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កាលពីដើមខែឧសភានេះដែរ កីឡាករអង់គ្លេស វ័យ ២៣ឆ្នាំរូបនេះ ក៏ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អ ប្រចាំឆ្នាំដោយស្ថាប័ន Football Writers’ Association Footballer ថែមទៀតផង។

នារដូវកាលនេះនៅ Premier League របស់អង់គ្លេស Foden ក៏ស៊ុតបាន ១៧គ្រាប់ និងបោះឱ្យគេស៊ុតបាន ៨គ្រាប់ផងដែរ នៅមុនពេលក្រុមមេឃខៀវ Man City ប្រកួតបិទរដូវកាលយប់ថ្ងៃអាទិត្យនេះទល់នឹង West Ham United ក្នុងកីឡដ្ឋាន Etihad របស់ខ្លួនដែរ។

Foden បានថ្លែងថា «ខ្ញុំពិតជាមានមោទនកភាពខ្លាំង ដែលឈ្នះពានកីឡាករល្អនេះ។ Premier League ត្រូវបានគេ ទទួលស្គាល់ថា ជាលីគលំដាប់កំពូលលើលោក គ្រាដែលរូបខ្ញុំបានក្លាយជាកីឡាករលេងល្អបំផុតនារដូវកាលដ៏អស្ចារ្យ ជាមួយ City នារដូវកាលនេះ»

Foden បានតាមពីក្រោយមិត្តរួមក្រុម Erling Haaland ក្នុងតារាងចំណាត់ថ្នាក់រកបានច្រើនគ្រាប់ឱ្យមេឃខៀវនារដូវកាលនេះ និងត្រៀមឆ្លងជើងឯក Premier League ជាលើកទី៤ ជាប់ៗគ្នារបស់ Man City ដែរ ប្រសិនបើលេងឈ្នះក្រុមភ្ញៀវញញួរធំ West Ham រាត្រីនេះទៀត៕