(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច គឺជាចំណងគតិយុត្តតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា «កូនបំណុល» មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលទទួលបានផលប្រយោជន៍ហៅថា «ម្ចាស់បំណុល»

ដោយឡែក ប្រសិនបើមានកូនបំណុលច្រើននាក់ ដែលត្រូវអនុវត្តកាតព្វកិច្ចរួមគ្នាទៅលើម្ចាស់បំណុលតែម្នាក់ នៅក្នុងករណីនេះ ត្រូវបានច្បាប់កំណត់ថា ជា ការអនុវត្តកាតព្វកិច្ចដោយសាមគ្គីភាពរបស់សហកូនបំណុលនោះ ។ ដូច្នេះ ថាតើកាតព្វកិច្ចដោយសាមគ្គីភាពត្រូវបានបង្កើត និងកំណត់យ៉ាងដូចម្តេចខ្លះនោះ ?

សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី «ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព» មកធ្វើការបកស្រា យជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់គ្នា ដូចខាងក្រោម។

យោងតាមខ្លឹមសារនៃមាត្រា ៩២១ កថាខណ្ឌទី១ និងមាត្រា ៩២២ នៃក្រមរដ្ឋប្បវេណី កាតព្វកិច្ចដោយសាមគ្គីភាព គឺត្រូវបានកំណត់និយមន័យ និងបង្កើតឡើងក្រោមរូបភាពដូចខាងក្រោម៖

*១៖ ក្នុងករណីដែលបុគ្គលច្រើននាក់ទទួលបន្ទុកនូវកាតព្វកិច្ចសាមគ្គីភាព ម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលណាម្នាក់ អនុវត្តកាតព្វកិច្ចទាំងអស់ ឬ មួយភាគ ឬ ឱ្យកូនបំណុលទាំងអស់ អនុវត្តកាតព្វកិច្ចទាំងអស់ ឬ មួយភាគ ដោយព្រមគ្នា ឬ ដោយបន្តបន្ទាប់ ។ ឧទាហរណ៍៖ X និង Y បានជំពាក់ប្រាក់ Z ចំនួន ២០០០ ដុល្លារអាមេរិក ដូច្នេះនៅក្នុងករណីនេះ Z អាចទាមទារ ប្រាក់ដែលជំពាក់ទាំងអស់ ពី X  ក៏បាន ឬ ពី Y ក៏បាន ឬ ទាមទារមួយភាគ ពី X ផង និងពី Y ផងក៏បាន ។

*២៖ ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព អាចត្រូវបានបង្កើតឡើង ដោយការព្រមព្រៀង ដោយជាក់លាក់ ឬដោយតុណ្ហីភាព រវាងម្ចាស់បំណុល និងកូនបំណុលច្រើននាក់ ដែលឆន្ទៈសាមគ្គីភាពរួមគ្នាទៅវិញទៅមក ត្រូវបានទទួលស្គាល់ ។ ការព្រមព្រៀងនេះ អាចធ្វើឡើងរវាងម្ចាស់បំណុល និង កូនបំណុលនីមួយៗ ដោយព្រមគ្នា ឬ ដោយបន្តបន្ទាប់ ។ ជាក់ស្តែងដូចជា ការបង្កើតនូវកិច្ចសន្យាខ្ចីបរិភោគដោយមានកូនបំណុលច្រើននាក់  ហើយមានការព្រមព្រៀងគ្នាអំពីការទូទាត់ដោយសាមគ្គីភាពទៅម្ចាស់បំណុល ជាដើម ។

*៣៖ ម្ចាស់បំណុលអាចលើកលែងសាមគ្គីភាព ចំពោះកូនបំណុលណាមួយក៏បាន ។ ក្រោយពីលើកលែងសាមគ្គីភាព កូនបំណុលដែលទទួលបានការលើកលែង ត្រូវទទួលបន្ទុកនូវកាតព្វកិច្ច ត្រឹមតែចំនួនប្រាក់ដែលស្មើនឹងបន្ទុកដែលខ្លួនធ្លាប់មានមុនពេលលើកលែង ។ ភាគនៃបន្ទុករបស់កូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពនីមួយៗ ត្រូវបានសន្មតថាស្មើគ្នា ។

យ៉ាងណាមិញ ទោះបីជាមានមូលហេតុនៃមោឃភាព ឬការលុបចោលសកម្មភាព ចំពោះកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ក៏ដោយ ក៏មិនមានឥទ្ធិពលដល់អានុភាពនៃកាតព្វកិច្ចរបស់កូនបំណុលផ្សេងទៀតឡើយ ពោលគឺកាតព្វកិច្ចរបស់កូនបំណុលផ្សេងទៀត នៅតែអនុវត្តតាមធម្មតាទៅតាមកិច្ចសន្យា ទោះបីជានៅក្នុងករណីមានកូនបំណុលណាម្នាក់មានមូលហេតុនៃមោឃភាព ឬលុបចោលកិច្ចសន្យាក៏ដោយ ។  

សរុបសេចក្តីមក កាតព្វកិច្ចដោយសាមគ្គីភាព អាចបង្កើតឡើងបានតាមរយៈការព្រមព្រៀងជាក់លាក់ណាមួយ រវាងម្ចាស់បំណុល និងសហកូនបំណុលទាំងនោះ ។ ហើយចំពោះសកម្មភាពនៃការលុបចោលកិច្ចសន្យា ឬមោឃភាពដោយមានមូលហេតុណាមួយក៏ដោយរបស់កូនបំណុលណាម្នាក់ គឺមិនធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្តកាតព្វកិច្ចរបស់កូនបំណុលផ្សេងទៀតឡើយ ។
 
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា ឈិន ឆាយអ៉ីជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕